តាកែវ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឆ្លើយតបវិញថា រាជរដ្ឋាភិបាល មិនមានការចាប់បង្ខំ អតីតព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទនោះឡើយ គឺជាការសម្រេចចិត្តរបស់ អតីតព្រះតេជគុណ ជួន កក្កដា។
ការឆ្លើយតបរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បែបនេះ ក្រោយមានក្រុមប្រឆាំងជ្រុលនិយម បានលើកឡើងថា «របបរដ្ឋាភិបាល ត្រកូល ហ៊ុន សម្បី លោក ក៏ចាប់ផ្សឹកដែរ» ។
នាឱកាសអញ្ជើញជាអធិបតី បើកពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ គុណតម្លៃនៃទន្លេ ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ នាល្ងាចថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា ភរិយារបស់សម្ដេច គឺលោកជំទាវ ពេជ ចន្ទមុន្នី បានសម្ដែងការសោកស្ដាយ ហើយក៏មិនចង់ឱ្យលាចាកសិក្ខាបទដែរ ។
សម្តេចបវរធិបតី ស្នើពុទ្ធសាសនិក បន្តគាំទ្រ ចំពោះគម្រោងជួយវិស័យពុទ្ធសាសនា ដែលផ្ដួចផ្ដើមដោយ អតីតព្រះតេជគុណ ជួន កក្កដា ដើម្បីជាប្រយោជន៍ដល់វិស័យពុទ្ធសាសនា និងជួយកុមារជំនាន់ក្រោយ ដែលសិក្សានៅពុទ្ធិកសិក្សា។
សម្តេចបវរធិបតី គូសបញ្ជាក់ថា «ចឹងសូមឱ្យលោកតា លោកយាយ អ៊ុំ ពូ មិញ អ្នកគាំទ្រ ជួន កក្កដា កុំមានការយល់ច្រលំ ហើយប្រពន្ធខ្ញុំ ក៏គាត់ជឿខ្ញុំហើយថា អត់មានបង្ខំលោកទេ ។ គឺសម្រេចតាមរបស់ប្អូនបណ្ឌិត ជួន កក្កដា ដែលលោកចង់បានបន្ដការងារជួយទៅដល់សាសន៍ ជួយដល់សង្គមជាតិ ប៉ុន្ដែគ្រាន់តែប្ដូរផ្លូវពុទ្ធចក្រ ទៅក្នុងផ្លូវអាណាចក្រ ហើយយើងនឹងបន្តផ្ដល់ឱកាសឱ្យលោកបណ្ឌិត បន្ដចូលរួម ដើម្បីជួយកសាងពង្រឹង ព្រះពុទ្ធសាសន៍ ដែលជាមូលដ្ឋានសម្រាប់សង្គមជាតិយើងបន្ដទៀត»។
សម្ដេចបវរធិបតី បានបញ្ជាក់ថា បណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ រាជរដ្ឋាភិបាល គ្រោងនឹងទូលស្នើព្រះករុណា ព្រះមហាក្សត្រ តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដើម្បីបានយកចំណេះដឹងមកជួយសង្គមជាតិបន្ត។
សម្ដេចបវរធិបតី មានប្រសាសន៍ថា «ចឹងយើងគ្រោងរៀបចំជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ដើម្បីបន្ដជួយវិស័យពុទ្ធសាសនា បន្ដទៀត»៕
