ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានកោតសរសើរកម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ

ក្នុងឱកាសជំនួបនេះ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានកោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ លោក ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍបន្ថែមទៀត ដែលក្នុងនោះវិស័យកងទ័ពក៏នឹងមានការអភិវឌ្ឍនិងរីកចម្រេីន ផងដែរ។

លោកមេបញ្ជាការ បានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររបស់ឯកឧត្តម ជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាពម៉ាឡេស៊ី-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។

លោក បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍, ការហ្វឹកហាត់ និងការសិក្សារៀនសូត្រទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ។ លោក ក៏បានគូសបញ្ជាក់ជូនថា កងទ័ពម៉ាឡេស៊ីមានបំណងចង់សិក្សារៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា ចំពោះកងទ័ពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការបោសសម្អាតមីន។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងក្តីរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និងជឿជាក់ថា លទ្ធផលនៃជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំកងទ័ព នឹងជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។

សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ជាពិសេសលើការបណ្តុះបណ្តាល, លំហាត់ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ, ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការចែករំលែកបទពិសោធន៍ជោគជ័យនានា ដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។

សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់ពីការកែទម្រង់សាលាហ្វឹកហ្វឺនកងទ័ពនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ៕

To Top