ព័ត៌មានជាតិ

កម្ពុជា បញ្ជាក់សាជាថ្មី នូវការគាំទ្រតួនាទីហ្វីលីពីន ជាប្រធានអាស៊ាន ឆ្នាំ២០២៦ ដើម្បីរួមគ្នាកសាង សហគមន៍អាស៊ានដ៏រឹងមាំ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា បញ្ជាក់សាជាថ្មី នូវការគាំទ្រយ៉ាងសកម្ម នូវតួនាទីហ្វីលីពីន ជាប្រធានអាស៊ានឆ្នាំ ២០២៦ ដើម្បីរួមគ្នាកសាងសហគមន៍អាស៊ានដ៏រឹងមាំ មានភាពធន់ និងប្រកបដោយបរិយាប័ន្ន ។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន លោក FERDINAND ROMUALDEZ MARCOS Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រី Louise Araneta-Marcos ក្នុងឱកាសអញ្ជើញ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

សម្ដេចតេជោ ពិតជាមានសេចក្តីរីករាយ បានផ្លាស់ប្តូរទស្សនៈត្រង់ទៅត្រង់មកជាមួយ លោកប្រធានាធិបតី លើកិច្ចការដែលជាការយកចិត្តទុកដាក់រួម ដូចជា ការបំពេញបន្ថែមឱ្យគ្នា លើវិស័យសេដ្ឋកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការ លើ វិស័យនានា ការផ្លាស់ប្តូរគ្រប់កម្រិត និងគ្រប់វិស័យក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ដល់កម្រិតថ្មីមួយទៀត។

សម្ដេចតេជោ មានប្រសាសន៍ថា «កម្ពុជា សូមបញ្ជាក់សាជាថ្មី នូវការគាំទ្រយ៉ាងសកម្ម នូវតួនាទីហ្វីលីពីន ជាប្រធានអាស៊ានឆ្នាំ ២០២៦ ដើម្បីរួមគ្នាកសាងសហគមន៍អាស៊ានដ៏រឹងមាំ មានភាពធន់ និងប្រកបដោយបរិយាប័ន្ន និងមានប្រជាជន ជាស្នូល ។ ភាពជាដៃគូដ៏រឹងមាំ និង ទំនាក់ទំនងដ៏យូរអង្វែង រវាងប្រទេសយើងទាំងពីរ នឹងបន្តរីកចម្រើនជាលំដាប់ ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការ ប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ»។

លោក ប្រធានាធិបតី Marcos Jr. បានជឿជាក់ថា នៅក្នុងឆ្នាំខាងមុខនេះ ចំណងមិត្តភាពរវាងប្រជាជនហ្វីលីពីន និងកម្ពុជានឹងកាន់តែរឹងមាំថែមទៀត ដែលមិត្តភាពនេះត្រូវបានថែទាំពូនជ្រំតាមរយៈអន្តរកម្មប្រកបដោយសុខដុមរមនា និងកិច្ចសហការ។

លោក ប្រធានាធិបតី ថា «នៅពេលអនាគត សូមឱ្យកិច្ចខិតខំប្រឹងប្រែង របស់យើងត្រូវបានដឹកនាំ ដោយបំណងប្រាថ្នា រួមរបស់យើង ពោលគឺ ការការពារតំបន់ របស់យើងពីការគំរាមកំហែងឆ្លងដែនថ្មីៗ, ការសម្រេចបាននូវភាពធន់ នៃសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មក្នុងរង្វង់អាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវមជ្ឈភាពអាស៊ាន ។ គោលការណ៍ណែនាំទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីជម្រៅ នៃចំណងការទូតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ពីការប្តេជ្ញាចិត្ត របស់យើងចំពោះសុខុមាលភាព របស់ប្រជាជនយើង និងចំពោះសន្តិសុខ និងវិបុលភាពនៃតំបន់របស់យើង»៕

To Top