ព័ត៌មានជាតិ

បុណ្យភ្ជុំបិណ្ឌ ៖ ក្រសួងការងារ ជូនដំណឹងដល់ម្ចាស់រោងចក្រ -សហគ្រាស អនុញ្ញាតឱ្យកម្មករ និយោជិតឈប់ សម្រាក និងបើកប្រាក់ឈ្នួល ឱ្យបានមុនថ្ងៃសម្រាក

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានជូនដំណឹងឱ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រអនុវត្តការឈប់សម្រាក បុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃទៅដល់កម្មករនិយោជិត ចាប់ពីថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានប្រាក់ឈ្នួល និងសម្របសម្រួល ឱ្យមានការបើកប្រាក់ឈ្នួល ខែកញ្ញា ដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់ សម្រាកនាពេលខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចុះផ្សាយ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងលិខិតដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ហេង សួរ ក្រសួងបានគូសបញ្ជាក់ថា ៖ “សូមម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់ សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវ សម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែកញ្ញា ដែលកម្មករនិយោជិត ត្រូវទទួលបានឱ្យបានមុនថ្ងៃ ឈប់សម្រាកនេះ”។

ប៉ុន្តែទន្ទឹមនឹងនេះ ក្រសួងការងារ ក៏បានណែនាំថា ក្នុងករណីមានការព្រមព្រៀងគ្នា រវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុង របស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុសញ្ញារួមដែលត្រូវបានចុះបញ្ជីនៅក្រសួង ការឈប់សម្រាក របស់កម្មករនិយោជិត អាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ ដូចមានកំណត់ ក្នុងប្រកាសលេខ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៥។

បើតាមលិខិតដដែល ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាព បាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករនិយោជិតទាំងអស់ ព្រមគ្នាក្នុងពេលតែមួយនាំ ឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការ របស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រត្រូវរៀបចំបែងចែក ឱ្យកម្មករនិយោជិតបានឈប់សម្រាក ទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយផ្លាស់ប្ដូរវេនគ្នា។

ដោយឡែកប្រសិនបើការផ្លាស់ប្ដូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការ អាជីវកម្មរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រនិងតំណាង កម្មករ និយោជិតអាចពិភាក្សា និងព្រមព្រៀងគ្នាឱ្យកម្មករ និយោជិតទាំងអស់ នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យនេះ ដោយត្រូវរៀបចំឱ្យមានការឈប់ សម្រាកជំនួសនៅពេលណាមួយផ្សេងទៀតបាន។ នេះបើយោងតាមលិខិតដដែល។

ចំពោះករណីនេះ ក្រសួងការងារ បានណែនាំឱ្យម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

យ៉ាងណាក៏ដោយ ក្នុងការសម្រាកបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ប្រសិនបើកម្មករនិយោជិត មិនទទួលបានការឈប់សម្រាក ដោយមានប្រាក់ឈ្នួលត្រឹមត្រូវទេនោះ កម្មករនិយោជិតអាចប្តឹងមកក្រសួងតាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៨៦ ឬតាមរយៈប្រអប់បណ្តឹងអនាមិក (https://feedback.mlvt.gov.kh/feedback) ដើម្បីក្រសួងចាត់វិធានការ តាមច្បាប់ជាធរមាន៕

To Top