បណ្ឌិត យង់ ពៅ ៖ អាកាសយានដ្ឋាន អន្តរជាតិតេជោ គឺជាមាត់ច្រកដ៏សំខាន់មួយទៀត របស់កម្ពុជា
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ បានមើលឃើញពីសក្តានុពល របស់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលលាតសន្ធឹងនៅលើទឹកដី ខេត្តកណ្តាលផង និងតាកែវផងនោះ គឺជាមាត់ច្រកទ្វារដ៏សំខាន់ និងធំទូលាយមួយទៀតរបស់កម្ពុជា ក្នុងការទាក់ទាញជនបរទេសនានា ក្នុងពិភពលោកមកកម្ពុជា ។

សម្រាប់ការបើកឲ្យដំណើរ ការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានកិច្ចការសង្គម បានបង្ហាញការគាំទ្រនិងពេញចិត្តជាខ្លាំង ចំពោះសមិទ្ធផលថ្មីរបស់កម្ពុជា ដែលបានកើតឡើងនៅក្នុងសតវត្សទី២១នេះ ។

លោកបណ្ឌិតគូសបញ្ជាក់ថា “ខ្ញុំសូមគាំទ្រ និងអបអរសាទរសម្រាប់សមិទ្ធផលថ្មី របស់ព្រះរាជាណាចក្រកម្ពុជា របស់យើងដែលជាច្រកអន្តរជាតិ ដ៏សំខាន់មួយ សម្រាប់ទំនាក់ទំនងទៅលើពិភពលោក បើកច្រកទៅលើពិភពលោក ទៅលើការទាក់ទាញទេសចរ វិនិយោគ សេដ្ឋកិច្ចបន្ថែមទៀតមកកម្ពុជា ។ នេះជាយន្តការសំខាន់មួយទៀតបន្ថែម ជាគន្លឹះបន្ថែម ជាមាត់ច្រកដ៏ទូលំទូលាយរបស់កម្ពុជា ទាំងទៅលើវិស័យទេសចរ វិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្ម” ។

លោកបណ្ឌិតបន្តថា ទោះបីជាអាកាសយានដ្ឋានអន្តរជាតិតេជោ មានលក្ខណៈល្អឥតខ្ចោះ ក្នុងពិភពលោកដែលអាចឲ្យយន្តហោះគ្រប់ធុន មកពីទិសទីក្នុងពិភពលោកចុះចត បានយ៉ាងណាក៏ដោយ ប៉ុន្តែគ្រប់ភាគីពាក់ព័ន្ធរបស់កម្ពុជា ត្រូវពង្រឹងបន្ថែមទៀតទៅលើកិច្ចសហប្រតិបត្តិការ ទាំងវិស័យទេសចរ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាដើម ដើម្បីឲ្យស័ក្តិសមជាអាកាសយានដ្ឋានលក្ខណៈអន្តរជាតិ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជាបានប្រកាសបើកដំណើរ ការអាកាសយានដ្ឋាន អន្តរជាតិតេជោ ដែលជំនួសតួនាទី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ។ ជើងហោះហើរដំបូងគេ ចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរចុងក្រោយ គេបង្អស់ ដែលចេញពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ៕

