សាស្ត្រាចារ្យ ឈាង រ៉ា ចូលរួមកាន់បិណ្ឌ១ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួងសុខាភិបាល រួមជាមួយសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានវេរចង្ហាន់បិណ្ឌបាត ទេយ្យវត្ថុ ចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់មាតា បិតា ជីដូន ជីតា ញាតកា និងបុព្វបុរសដែលបានទទួលមរណកាលទៅ។

តាមរយៈពិធីកាន់បិណ្ឌនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនមហាកុសលផលបុណ្យ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំនៅទូទាំងកម្ពុជា ក៏ដូចជាកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស និងប្រជាពលរដ្ឋ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត ទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារ និងរកទទួលទានបានដ៏ល្អប្រពៃ ក្នុងសន្តិភាពដ៏ល្អផូរផង់នៃយើងទាំងអស់គ្នា ។

តាមទំនៀមទំម្លាប់ព្រះពុទ្ធសាសនា ចាប់ពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ តែងតែប្រារព្ធពិធីកាន់បិណ្ឌ វេរចង្វាន់បិណ្ឌបាត ទេយ្យវត្ថុចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់មាតា បិតា ជីដូន ជីតា បុព្វបុរសដែលបានទទួលមរណកាលទៅ៕








