សម្តេចធិបតី បកស្រាយជុំវិញ ការលើកឡើងថា រាជរដ្ឋាភិបាលស្ងៀមស្ងាត់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាមុននេះបន្តិចបនានចេញសារជាសំណេរ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន បកស្រាយជុំវិញ ការលើកឡើងថា រាជរដ្ឋាភិបាលស្ងៀមស្ងាត់ ពាក់ព័ន្ធបញ្ហាព្រំដែន ។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុង របស់សម្តេចធិបតី៖
ដោយសារមួយរយៈនេះ ឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គម លើប្រធានបទមួយចំនួន រួមទាំងការចោទ នូវសំណួរមួយចំនួន ដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះ យកទៅធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយផង។ ខ្ញុំសូមយកឱកាសបញ្ជាក់ ដោយសង្ខេប ÷
១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ?
- បងប្អូនមួយចំនួន ប្រហែលជាយល់ថា ទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ បញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថា រដ្ឋាភិបាលអត់ស្ងៀមស្ងាត់ ។
នៅក្នុងដំណាក់កាល ដែលសភាពមានការប្រែប្រួលលឿន និងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាព នៃពត៌មានគឺសំខាន់ណាស់ ដើម្បីកុំអោយមានបញ្ហាច្របូកច្របល់ ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាល បានរៀបចំយន្តការ និងប្រគល់ភារកិច្ច ជូនក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយពត៌មានជាប្រចាំ។ បន្ថែមលើយន្តការនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងពត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗ របស់ខ្លួន អោយប្រជាពលរដ្ឋ បានជ្រាបជាប់ជាប្រចាំផងដែរ។
២. តើរាជរដ្ឋាភិបាល បានបញ្ជារអោយកងទ័ពជួរមុខ នៅសមរភូមិដកថយទេ ក្រោយពីចរចារបទឈប់បាញ់?
- ចម្លើយខ្លី គឺគ្មានទេ។
រាជរដ្ឋាភិបាល មិនមានដាក់បទបញ្ជាអោយដកថយកម្លាំង ក្រោយពីមានបទឈប់បាញ់នោះទេ ។ ហើយក្នុងកិច្ចចរចារបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណ អោយកងទ័ពភាគីណាដកថយ ពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។
៣. តើការចរចារនានាក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដីឬទេ?
- ចម្លើយខ្លី គឺគ្មានទេ។
ការចរចារបទឈប់បាញ់ថ្ងៃ ២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ ។ ការចរចាទ្វេភាគីកន្លងមក ដោយរាប់ទាំង Extraordinary GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និង កិច្ចប្រជុំថ្នាក់តំបន់រវាងយោធភូមិភាគ (RBC) ក៏មិនមាននិយាយពីការកំណត់ព្រំដែននោះដែរ។ រាល់លទ្ធផលនៃកិច្ចប្រជុំ (រាប់ទាំងប្រជុំពិសេសថ្ងៃទី ២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និង RBC) សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់។ គ្មានការលាក់បាំងទេ។ ហើយក៏គ្មាន ការចរចារសំងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះដែរ ។
ចំពោះកិច្ចការចរចារព្រំដែន កម្ពុជា នៅតែប្រកាន់យកជំហរ នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែន ដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ ។
៤. តើរដ្ឋាភិបាល ក្រសួងការពារជាតិ អត់មានជួយអ្វីដល់កងទ័ពជួរមុខទេ បានជាឃើញតែសប្បុរសជនជួយ?
- ចម្លើយខ្លី រាជរដ្ឋាភិបាល មិនដែលបោះបង់ ការទទួលខុសត្រូវ របស់ខ្លួន ចំពោះបងប្អូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ប៉ះពាល់ ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ ។
សូមបងប្អូនមេត្តាយោគយល់ ចំពោះការដែលក្រសួង ស្ថាប័នរបស់រដ្ឋ មិនបានថតបង្ហោះ ឬដាក់ចេញនូវរបាយការណ៍ជាសាធារណៈ អំពីរាល់ការងារធានា និងផ្គត់ផ្គង់ដល់កងទ័ពជួរមុខនោះទេ ដែលអាចឱ្យបងប្អូនមួយចំនួន យល់ច្រឡំថារាជរដ្ឋាភិបាល មិនបានយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ។
បន្ថែមលើនោះ ការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាល ក៏មិនត្រឹមតែសម្រាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ដោយសារបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវគិតគូរជាប្រចាំ សម្រាប់កងទ័ពនិងប្រជាជនទូទាំងប្រទេស និងគ្រប់វិស័យតែម្តង។
ជាមួយគ្នានេះ ខ្ញុំសូមធ្វើការថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានទឹកចិត្តស្នេហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខរបស់យើង តាមរយៈការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារៈ មធ្យោបាយ ដល់កងទ័ពជួរមុខរបស់យើង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលដោះស្រាយជូន។ រាជរដ្ឋាភិបាលតែងតែស្វាគមន៍នូវស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរនេះ តាំងតែពីមុនផ្ទុះអាវុធកាលពីថ្ងៃទី ២៤ កក្កដា មកម្ល៉េះ។ ពេលនេះជាពេលលំបាក ដែលយើងត្រូវរួបរួមសាមគ្គីគ្នា ជួយគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហា ។
ខ្ញុំសង្ឃឹមថា ការបញ្ជាក់ដោយខ្លីប៉ុន្មានចំណុចខាងលើ និងអាចដោះស្រាយចម្ងល់មួយចំនួន ដែលខ្ញុំបានឃើញតាមបណ្ដាញសង្គមនៅពេលកន្លងមកនេះ។
ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាន និងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់បញ្ហាអោយបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍ របស់ជាតិ និងប្រជាជន បើទោះជាកិច្ចការ ជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅហាក់ដូចជាមានភាព ស្ងាត់ស្ងៀមពេកក៏ដោយ ៕
