ព័ត៌មានជាតិ

អភិបាលខេត្តកំពត ៖ ការសាងសង់ស្ពានវាងក្រុងកំពត នៅឆ្នេរកោះស្មៅ ឆ្លងព្រែកកំពង់បាយ ឆ្ពោះទៅកាន់សង្កាត់ត្រើយកោះ ដើម្បីបម្រើដល់ពហុវិស័យ

កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការសម្រេចសាងសង់ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងកំពតប្រវែងជិត ១០គីឡូម៉ែត្រ ដោយកាត់តាមឆ្នេរកោះស្មៅ ឆ្លងព្រែកកំពង់បាយឆ្ពោះ ទៅកាន់សង្កាត់ត្រើយកោះ គឺ ក្នុងបំណងដើម្បីបម្រើដល់ពហុវិស័យ ពិសេស ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ខេត្ត ព្រោះស្ពាននេះ ហោះរំលងផ្លូវ និងដងព្រែក ប្រវែងជិត ៤០០ម៉ែត្រ ហើយក៏មានវេរ៉ងដា និងបំពាក់កង្ហារយក្សមួយ សម្រាប់ឱ្យភ្ញៀវថតរូបអនុស្សាវរីយ៍ផងដែរ ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងកំពត ដែលបានរៀបចំធ្វើឡើងនៅឆ្នេរកោះស្មៅ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងដែលមានប្រវែងជិត ១០គីឡូម៉ែត្រនេះ គឹជាអំណោយ និងកេរ្តិ៍តំណែលជាអមតៈ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា សម្រាប់ផ្តល់ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត ។

លោកអភិបាលខេត្ត បានបន្តថា ក្រោយពេលសង់រួច ផ្លូវ ពិសេសស្ពាន ដែលអាចធ្វើដំណើរឆ្លងកាត់ទាំងខាងក្រោម និងខាងលើមួយនេះ ហើយនិងបញ្ជៀសការកកស្ទះចរាចរណ៍ នៅពេលមានបុណទានម្តងៗ រួមនឹងការបម្រើដល់ពហុវិស័យ ពិសេសវិស័យទេសចរណ៍។

លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា ស្ពាននេះមានប្រវែង ៣៦៨ម៉ែត្រ ទទឹង ១៨ម៉ែត្រ ដោយសាងសង់រំលងផ្លូវ និងឆ្នេរកោះស្មៅ រួមជាមួយនឹងវេរ៉ងដាសងខាងស្ពាននៅចំកណ្តាល ដែលអាចឱ្យភ្ញៀវទេសចរអាចមើលទៅខាងកើតឃើញលំហសមុទ្រ និងខេត្តកែប មើលទៅទិសខាងលិច មើលឃើញទេសភាពភ្នំបូកគោ។

ជាមួយគ្នានេះដែរស្ពាននេះ ក៏មានបំពាក់នូវកង្ហារយក ដើម្បីទាញយកថាមពលអគ្គិសនីដើម្បីបំភ្លឺស្ពាន និងតាមដងផ្លូវថ្មីនេះផងដែរ ហើយក្រោយស្ពាននេះ សាងសង់រួចក្នុងរយៈពេល ១២ ខែ ខេត្តកំពត នឹងអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តកាន់តែច្រើនបន្ថែមទៀត ហើយស្ពាននេះក៏អាចលើក កម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត ក៏ដូចជាក្នុងសង្កាត់ត្រើយកោះឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

To Top