សាស្រ្តាចារ្យ ឈាង រ៉ា ៖ ការកាត់បបូរមាត់ឆែប មិនត្រឹមស្តារសុខភាព តែជាការនាំត្រឡប់មកវិញ នូវសេចក្តីថ្លៃថ្នូរ
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា កាត់បបូរមាត់ឆែប ក្រអូមមាត់ ស្លឹកត្រចៀត ស្នាមរលាក និងខូចទ្រង់ទ្រាយមុខ មិនត្រឹមតែស្តារសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការនាំត្រឡប់មកវិញនូវសេចក្តីថ្លៃថ្នូរ ទំនុកចិត្ត និងក្តីសង្ឃឹមដល់កុមារផងដែរ។

ការលើកឡើងរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា បែបនេះក្នុងឱកាសអញ្ជើញ ចុះសួរសុខទុក្ខអ្នកជំងឺ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) និងអង្គការ Future Smile China ដែលកំពុងបំពេញបេសកកម្មវះកាត់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

កិច្ចសហប្រតិបត្តិការអង្គការ Future Smile China បាននិងកំពុងចូលរួមយ៉ាងសកម្ម ជាមួយសុខាភិបាលកម្ពុជា ដោយបានផ្តល់ជំនួយធនធាន សម្ភារបរិក្ខាសំខាន់ៗ រួមមាន ៖ រថយន្តសង្គ្រោះ សម្ភារបរិក្ខារសង្រ្គោះបន្ទាន់ជាដើម។ កម្មវិធីនេះ មិនត្រឹមតែផ្តល់សេវាវះកាត់ និងថែទាំអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សុខភាពសាធារណៈ និងពង្រឹងការសហប្រតិបត្តិការជាមួយដៃ គូអន្តរជាតិក្នុងវិស័យសុខាភិបាល។

សូមបញ្ជាក់ថា អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) និងអង្គការ Future Smile China បានចាប់ផ្តើមពីឆ្នាំ២០០៦ បានបន្តបេសកកម្មចំនួន ៧ដងមករួចមក ។ រយៈពេលនៃបេសកកម្មលើកទី៨ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដែលមានគ្រូពេទ្យស្ម័គ្រចិត្តជាតិ អន្តរជាតិផ្សេងៗ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវាវះកាត់ និងថែទាំអ្នកជំងឺ។ ក្នុងបេសកកម្មនេះ មានអ្នកជំងឺបានពិនិត្យសរុប ៣៥នាក់ ហើយបានអនុវត្តវះកាត់ចំនួន ២៦ករណី៕











