ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជំរុញគុណភាពអប់រំនៅតំបន់ព្រំដែន ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត ស្ថិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ជាយព្រំដែន និងមានសារៈសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងឱកាសនោះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ លោកឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់លើវិស័យអប់រំ ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន។ ឮ
លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពអប់រំ កែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងលើកកម្ពស់សមត្ថភាពគ្រូបង្រៀនឲ្យឆ្លើយតបទៅនឹងតម្រូវការនៃសតវត្សទី២១។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ការអប់រំគឺជាគន្លឹះសំខាន់បំផុតសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ហើយការវិនិយោគលើធនធានមនុស្សគឺជាវិនិយោគដែលមានតម្លៃខ្ពស់បំផុតសម្រាប់អនាគតប្រទេស។

លោកបានបន្ថែមថា ក្រសួងអប់រំកំពុងជំរុញយុទ្ធសាស្ត្រកែលម្អគុណភាពអប់រំ ដោយផ្តោតលើការអភិវឌ្ឍជំនាញសិស្ស ដូចជា ការគិតវិភាគ (critical thinking) បច្ចេកវិទ្យាឌីជីថល និងការច្នៃប្រឌិត ដើម្បីឲ្យសិស្សានុសិស្សកម្ពុជា អាចប្រកួតប្រជែងនៅក្នុងទីផ្សារការងារអន្តរជាតិ។

ជាពិសេស លោកបានសរសើរខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀននៅតាមតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ដែលបន្តបំពេញបេសកកម្មអប់រំ ទោះបីជាប្រឈមនឹងបញ្ហាប្រឈមនានា រួមមានកង្វះធនធាន និងបរិយាកាសសង្គមសេដ្ឋកិច្ចក៏ដោយ។ ការបន្តអប់រំសិស្សានុសិស្សនៅតាមមណ្ឌលភៀសសឹកក្នុងស្ថានភាពមានវិបត្តិ ត្រូវបានចាត់ទុកថាជាគំរូនៃការអនុវត្តគោលការណ៍ “មិនទុកនរណាម្នាក់ឲ្យនៅក្រោយ” ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។

ក្នុងបរិបទអន្តរជាតិ កម្ពុជា ក៏កំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈគម្រោងគាំទ្រផ្នែកបច្ចេកទេស ការបណ្តុះបណ្តាលគ្រូ និងការអភិវឌ្ឍកម្មវិធីសិក្សាសមស្របនឹងស្តង់ដារអន្តរជាតិ។

នៅចុងបញ្ចប់ នៃពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ ប្រកាន់ខ្ជាប់វិន័យ និងមានឆន្ទៈក្នុងការអភិវឌ្ឍខ្លួនឯង ដើម្បីក្លាយជាធនធានមនុស្សមានគុណភាព ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងសមាហរណកម្មជាមួយសហគមន៍អន្តរជាតិ។

អំណោយដែលត្រូវបានចែកជូនរួមមានសម្ភារៈសិក្សា សៀវភៅ កាតាប និងសម្ភារៈចាំបាច់ផ្សេងៗ ដែលមានគោលបំណងលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យបន្តការសិក្សាដោយភាពជឿជាក់ និងមានក្តីសង្ឃឹមចំពោះអនាគត៕

អត្ថបទដោយ៖ សួន ពិសិត ដើមអម្ពិល

To Top