សម្តេចធិបតី ណែនាំនិស្សិតពេទ្យ ទទួលសញ្ញាបត្រនៅថ្ងៃនេះ បន្ដអភិវឌ្ឍសមត្ថភាព ដើម្បីធានាថា ការផ្ដល់សេវាសុខាភិបាល ប្រកបដោយសុវត្ថិភាព
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំនិស្សិតពេទ្យ ទទួលសញ្ញាបត្រនៅថ្ងៃនេះ ត្រូវបន្ដអភិវឌ្ឍសមត្ថភាពខ្លួនជានិច្ច ដើម្បីធានាថា អាចផ្ដល់សេវាសុខាភិបាលប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ប្អូនៗត្រូវចាំថា សញ្ញាបត្រដែលប្អូនៗទទួលបាននៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការរៀនសូត្រទេ ប៉ុន្តែជាចំណុចចាប់ផ្ដើមនៃការរៀនសូត្រពេញមួយជីវិត។ ចាប់ពីថ្ងៃនេះតទៅ ប្អូនៗត្រូវបន្តរៀន បន្តស្រាវជ្រាវ និង បន្តអភិវឌ្ឍសមត្ថភាពខ្លួនជានិច្ច ដើម្បីធានាថាប្អូនៗ អាចផ្ដល់សេវាសុខាភិបាលប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព»។
សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលតែងតែខិតខំបំពេញបេសកកម្ម ដ៏ឧត្តមក្នុងការកសាងធនធានមនុស្សសុខាភិបាលនៅកម្ពុជា ប្រកបដោយជំនាញច្បាស់លាស់ សីលធម៌វិជ្ជាជីវៈ និងមនុស្សធម៌ អស់រយៈពេល ៨ ទសវត្សរ៍កន្លងមក។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា នៅក្នុងនោះ និស្សិតដែលបានបញ្ចប់ការបណ្ដុះបណ្ដាល ដោយជោគជ័យពីសាកលវិទ្យាល័យសរុបជាង ៣ ម៉ឺននាក់ ខណៈដែលនិស្សិតទទួលបានការងារ ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជាមានរហូតទៅដល់ជាង ៩៦%៕
