Feature

កម្ពុជា កំពុងជំរុញការកែទម្រង់វិស័យទឹកស្អាត តាមរយៈការពង្រឹងការអនុវត្តច្បាប់

ភ្នំពេញ ៖ កម្ពុជា កំពុងជំរុញការកែទម្រង់វិស័យទឹកស្អាត តាមរយៈការពង្រឹងការអនុវត្តច្បាប់ ជំរុញការវិនិយោគ និងការផ្តល់សេវាទឹកស្អាត។ នេះជាការលើកឡើងរបស់ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

គណៈប្រតិភូ ដឹកនាំដោយលោក Michael Webster ប្រធានគ្រប់គ្រងផ្នែកទឹកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក និងលោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា រួមទាំងអ្នកជំនាញជាន់ខ្ពស់ផ្នែកទឹកស្អាត។

កិច្ចពិភាក្សាបានផ្តោតលើការរៀបចំបង្កើតនិយ័តករទឹកស្អាត ការជំរុញការអនុវត្តក្របខ័ណ្ឌសន្តិសុខទឹក កម្ពុជា (Cambodia Water Security Compact) និងការពន្លឿនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតដែលគាំទ្រដោយធនាគារពិភពលោក។

លោក រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា និយ័តករទឹកស្អាតដែលគ្រោងបង្កើតឡើង ត្រូវរៀបចំឱ្យបានរួចរាល់តាំងពីដំបូង ទាំងក្របខ័ណ្ឌច្បាប់ នីតិវិធីប្រតិបត្តិ ធនធាន និងសមត្ថភាពបច្ចេកទេស។

លោក បានលើកឡើងថា «ការបង្កើតនិយ័តករ ចាំបាច់ត្រូវមានការគាំទ្រដោយនីតិវិធីច្បាស់លាស់ ធនធានគ្រប់គ្រាន់ និងសមត្ថភាពស្ថាប័នចាំបាច់ ដើម្បីឱ្យនិយ័តករនេះអាចដំណើរការប្រកបដោយប្រសិទ្ធភាពតាំងពីថ្ងៃដំបូង»។

លោក បានសង្កត់ធ្ងន់ថា ការពង្រឹងការអនុវត្តច្បាប់ទឹកស្អាត ត្រូវរក្សាតុល្យភាពរវាងលទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការបង់ថ្លៃសេវា គោលដៅសេវាសាធារណៈ និងនិរន្តរភាពហិរញ្ញវត្ថុរបស់ប្រតិបត្តិករ ដើម្បីឱ្យពួកគេអាចពង្រឹងគុណភាពសេវា និងបន្តវិនិយោគពង្រីកបណ្តាញ។

យោងតាមលោក Michael Webster ធនាគារពិភពលោកមើលឃើញសក្តានុពលខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្រោមក្របខ័ណ្ឌ Cambodia Water Security Compact ពិសេសលើការកែទម្រង់ស្ថាប័ន ការវិនិយោគ និងការអនុវត្តគម្រោងអាទិភាពក្នុងវិស័យទឹកស្អាត។

លោក Michael Webster បានលើកឡើងថា «កម្ពុជាគឺជាប្រទេសនាំមុខគេក្នុងគំនិតផ្តួចផ្តើម Water Forward របស់ធនាគារពិភពលោក ហើយយើងមើលឃើញថា នេះជាឱកាសដ៏សំខាន់មួយ។ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការកែទម្រង់ តាមរយៈការបង្កើតនិយ័តករទឹកស្អាត គឺជាជំហានដ៏ធំមួយ»៕

To Top