Feature

រដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ វីរកងទ័ព និងវីរនគរបាលការពារព្រំដែន ប្រចាំទិសព្រះវិហារ និងស្ទឹងត្រែង ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយគ្នា

ព្រះវិហារ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខនាយ ទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល នៃកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ ១២៨ឈរជើងការពារតំបន់អូរអាឡៃ ខេត្តស្ទឹងត្រែង ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ។ 

ក្នុងឱកាសនោះ ឃួង ស្រេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់របស់កងកម្លាំង យោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែនទាំងអស់ ក្នុងការការពារជាតិនិងប្រជាជន ពីចោរឈ្លានពាន ជាពិសេសគឺការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងថែរក្សាការពារនូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលសម្រេចបានដោយសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី តាមរយៈការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ ឈ្នះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មានប្រសាសន៍ថា ការចុះសួរសុខទុក្ខ និងផ្តល់អំណោយ នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង និងសបញ្ជាក់យ៉ាងច្បាស់ នូវអត្ថន័យយ៉ាងធំធេង ពីការរួមសុខរួមទុក្ខការយកចិត្តទុកដាក់ ការគិតគូរពីសុខទុក្ខការផ្សារភ្ជាប់គ្នា យ៉ាងជិតស្និទ្ធរវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខ ក្នុងស្មារតីស្នេហាជាតិ “ខ្មែរតែមួយ” ។

ក្នុងនោះ លោក ឃួង ស្រេង និងលោកស្រី បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនកងកម្លាំងជួរមុខខាងលើនេះ ក្នុងនោះរួមមាន៖ ឧបត្ថម្ភជូនកងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល)។ រៀបចំអគារសាលប្រជុំថ្មី ថវិកាចំនួន ២០.០០០$ (ពីរម៉ឺនដុល្លារ)។ ឧបត្ថម្ភ ប្រេងម៉ាស៊ូត សម្ភារ និងគ្រឿងឧបភោគបរិភោគ។ ឧបត្ថម្ភជូន កងពលតូចអន្តរាគមន៍លេខ៩ ថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល)។ វរសេនាតូចលេខ៣៩១, ៣៩២, ៣៩៣, ៣៩៤, ៣៩៥ ចំនួន៥វរសេនាតូច ក្នុង០១វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល)។ សាងសង់អាងស្តុកទឹក ក្នុងដីធ្វើអំពីបេតុង ចំនួន ៧អាង សរុបថវិកាចំនួន ៤៣.៣៨៦.០០០៛ (សែសិបបីលាន បីសែន ប្រាំបីម៉ឺន ប្រាំមួយពាន់រៀល)។ ប្រេងឈូសឆាយអគារជុំវិញ ទីបញ្ជាការកងពល ចំនួន ១០.០០០L (មួយម៉ឺនលីត្រ)។ ទិញគោយន្តកន្ត្រៃចំនួន ៣ឈុត អស់ថវិកាចំនួន ៤០.២០០.០០០៛ (សែសិបលាន ពីរសែនរៀល)។

បន្ថែមលើនេះ បានឧបត្ថម្ភជូន វរនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០៛ (ដប់លានរៀល), ឧបត្ថម្ភ ប្រេងម៉ាស៊ូត សម្ភារ និងគ្រឿងឧបភោគបរិភោគ ។ ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ១២៨ ថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល)។ វរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥ វរសេនាតូច ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០. ០០០៛ (ម្ភៃលានរៀល) កសាងលេណដ្ឋានបញ្ជា (បេតុង)១កន្លែង អស់ថវិកាចំនួន ៣៩.៥០០.០០០៛ (សាមសិប ប្រាំបួនលាន ប្រាំសែនរៀល) ទិញគោយន្តកន្ត្រៃចំនួន ៣ឈុត អស់ថវិកាចំនួន ៣៣.២១០.០០០៛ (សាមសិបបីលាន ពីរ សែន មួយម៉ឺនរៀល)។ ឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ ដល់យោធភូមិភាគ ១ ថវិកា ចំនួន ៥.០០០.០០០៛ (ប្រាំលានរៀល)៕

To Top