លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ចុះសួរសុខទុក្ខគ្រួសារ សម្ព័ន្ធមេត្រីភាព អតីតយុវជន៩គ្រួសារ នៅភូមិអភិវឌ្ឍន៍ ប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង
ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ស្នងការរងផែនការងារ ធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ជាអនុប្រធាននិងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុវជននិងនិវត្តជនកម្ពុជាខេត្ត បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារ អតីតយុវជនជាសម្ព័ន្ធមេត្រីភាព ចំនួន៩គ្រួសារ ដែលកំពុងរស់នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ បានមានប្រសាសន៍ថា សុខសន្តិភាពដែលកម្ពុជា កំពុងមាននាពេលបច្ចុប្បន្ន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលធ្វើឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល មានស្នាមញញឹម និងមានឱកាសអភិវឌ្ឍរីកចម្រើន ចាប់ពីទីក្រុងរហូតដល់ជនបទ។ សមិទ្ធផលទាំងនេះ គឺជាគុណបំណាច់ដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជន ដែលបានធ្វើពលិកម្ម និងឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងអស់រយៈពេលស្ទើរពេញមួយជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។
លោកស្នងការរងបានរំលឹក និងផ្តាំផ្ញើដល់គ្រួសារអតីតយុទ្ធជនទាំងអស់ សូមបន្តចូលរួមថែរក្សា និងការពារសុខសន្តិភាព ឱ្យបានគង់វង្ស ព្រោះសន្តិភាពនេះកើតចេញពីការខិតខំប្រឹងប្រែង និងពលិកម្ម របស់ប្រជាជនគ្រប់រូប ដើម្បីធានាបាននូវភាពសុខសាន្តជូនកូនចៅជំនាន់នេះ និងជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ សូមបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ក៏បាននាំយកអំណោយ ទៅចែកជូនដល់គ្រួសារសម្ព័ន្ធមេត្រីភាព ទាំង៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ, អង្ករ២០គីឡូក្រាម និងថវិកាចំនួន៥ម៉ឺនរៀល ។

បន្ទាប់មក គណៈប្រតិភូបានអញ្ជើញចូលរួមវេនកាន់បិណ្ឌទី១១ និងប្រគេនទេយ្យទាន គ្រឿងបរិក្ខារចាំបាច់មួយចំនួន មានដូចជាអង្ករ៥០គីឡូ មី៤កេស, ទឹកត្រី៤យួរ, ទឹកស៊ីអ៊ីវ៤យួរ, ទឹកសុទ្ធ៣កេស និងថវិកាចំនួន៨៥ម៉ឺនរៀល ជូនព្រះសង្ឃគង់ នៅវត្តដំណាក់ត្រយឹង ដើម្បីចូលរួមចំណែកក្នុងការគាំទ្រ ដល់វិស័យព្រះពុទ្ធសាសនា និងការងារសាសនានៅក្នុងមូលដ្ឋាន។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ និងក្រុមការងារ បានជួបសំណេះសំណាលជា មួយប្រជាការពារ និងកម្លាំងប្រចាំការ ដែលកំពុងបំពេញភារកិច្ចនៅក្នុងមូលដ្ឋាន ។ ក្នុងជំនួបនេះ លោកស្នងការរងបានកោតសរសើរ និងថ្លែងអំណរគុណចំពោះការខិតខំបំពេញភារកិច្ចរបស់កម្លាំងទាំងអស់ ព្រមទាំងបានណែនាំឱ្យបន្តយកចិត្តទុកដាក់លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពង្រឹងការចុះល្បាត និង ត្រួតពិនិត្យតាមគោលដៅសំខាន់ៗ ព្រមទាំងបង្កើនកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកស្នងការរងក៏បានណែនាំដល់កម្លាំងប្រចាំការ ត្រូវប្រកាន់ខ្ជាប់វិន័យ សីលធម៌ វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមខ្លួនជានិច្ចក្នុងការឆ្លើយតបចំពោះសភាពការណ៍ផ្សេងៗ ដោយអនុវត្តតាមបទបញ្ជា និងច្បាប់ជាធរមាន ដើម្បីបម្រើ និងការពារប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ក៏បាននាំយកអំណោយចែកជូនដល់លោកមេភូមិ លោកស្រីរងភូមិ ប្រជាការពារ និងកម្លាំងយោធាការពារសរុបចំនួន១៧នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន៤មុឺនរៀល ទឹកស៊ីអ៊ីវ១យួរ និងទឹកក្រូច១កេស។



អត្ថបទនេះដោយ÷ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ខេម៉ា / ដើមអម្ពិល
