សម្ដេចធិបតី ប្រកាសថា ឆាប់ៗនេះ ផ្លូវក្នុងក្រុងបាត់ដំបង នឹងជួសជុលឡើងវិញ
បាត់ដំបង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រកាសថា នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ផ្លូវក្នុងបាត់ដំបង ខេត្តបាត់ដំបង នឹងត្រូវស្តារឡើងវិញ ហើយត្រូវរៀបចំប្រព័ន្ធផ្លូវ និងប្រព័ន្ធលូព្រមៗគ្នាផងដែរ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដថា ផ្លូវសំខាន់ៗ ក្នុងក្រុងបាត់ដំបង នឹងជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញចំនួន ២៨ខ្សែ។
សម្ដេចធិបតី បានរំលឹកថា កន្លងទៅ ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៦ ខេត្តបាត់ដំបង បានបញ្ចប់ចំនួន២ ជំហ៊ាន នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជា ប្រព័ន្ធទឹកកខ្វក់ កន្លែងចាក់សំរាម ទឹកស្អាត។
សម្ដេចធិបតី បន្ដថា ផ្លូវក្នុងក្រុងបាត់ដំបងចំនួន ២១ខ្សែ នឹងចាប់ផ្តើមជួសជុលឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈផ្លូវ ៧ខ្សែទៀត ប្រវែង ១១គីឡូម៉ែត្រ ក៏ត្រូវបានរាជរដ្ឋាភិបាលទម្លាក់ថវិកាធ្វើផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ឥឡូវនេះដល់ដំណាក់កាលធ្វើផ្លូវ នៅខេត្តបាត់ដំបង ខ្ញុំ បានសួរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែដេញថ្លៃចុងក្រោយ អាចចាប់ផ្ដើម ក្នុងខែវិច្ឆិកា នេះ ទៅ គឺជួសជុលឡើងវិញ នៅផ្លូវសំខាន់ៗ នៅក្នុងក្រុងបាត់ដំបង»៕
