ព័ត៌មានជាតិ

សម្ដេចធិបតី ៖ រាជរដ្ឋាភិបាល ប្រឹងប្រែងពង្រីកសាលារៀន ទៅដល់ភូមិ-ឃុំ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំ ពង្រីកសាលារៀនទៅដល់មូលដ្ឋានភូមិ-ឃុំ ដើម្បីផ្ដល់ការអប់រំទៅដល់កូន ចៅប្រជាពលរដ្ឋឱ្យបានរៀនសូត្រ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា តាំងពីអាណត្តិមុនៗ រហូតមកដល់ អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានខិតខំពង្រីក សាលារៀនទៅដល់មូលដ្ឋានភូមិ ឃុំ ដើម្បីផ្ដល់ការអប់រំទៅដល់កូនចៅប្រជាពលរដ្ឋឱ្យបានរៀនសូត្រ មានមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំ និងឈានមកបន្តការសិក្សា នៅកម្រិតឧត្តមសិក្សាដែលពួកគេអាច ក្លាយជាធនធានមនុស្ស ដែលមានគុណភាពសម្រាប់ជាតិ ។

សម្ដេចបញ្ជាក់ថា “ឥឡូវ២៥រាជធានី-ខេត្តយើងមាន អត់មានខេត្តមួយណា ដែលអត់មានកម្រិត ឧត្តមសិក្សានោះទេ ។ ឥឡូវបឋមយើងរុញទៅដល់តាមឃុំ ។ ទៅថ្ងៃមុខយើងនឹងខិតខំរុញអនុវិទ្យាល័យទៅដល់ឃុំ ហើយធ្វើម៉េចឱ្យមានភាពសម្បូរបែប”

សម្ដេចធិបតីណែនាំដល់និស្សិតជ័យលាភីទាំងអស់ឱ្យបន្តការសិក្សាជាសកម្មភាពពេញមួយជីវិត ពីព្រោះពេលណាក៏ត្រូវរៀន ក៏ត្រូវយល់ដឹង ក៏ត្រូវស្រាវជ្រាវ ។

នាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ត្រូវចងចាំថា មិនមែនរៀនដើម្បីបានតែសញ្ញាបត្រ ប៉ុន្ដែត្រូវរៀនដើម្បីឱ្យមានសមត្ថភាព និង អាចធ្វើបាន ដែលហៅថា សញ្ញាឃើញដោយឆ្លុះបញ្ចាំង តាមរយៈសកម្មភាព និងផលទ្ធផលជាក់ស្ដែង ដែលនិស្សិតគ្រប់ៗរូបនឹងត្រូវបង្ហាញនៅក្នុងសង្គម កន្លែងការងារ កន្លែងអាជីវកម្មរបស់ខ្លួន ។ ដូច្នេះសញ្ញាឃើញ និងសញ្ញាបត្រត្រូវជួយគ្នាទៅវិញទៅមក ៕

To Top