នគរបាលកម្ពុជា ប្រគល់ជនជាតិថៃ ១៩៣នាក់ ឱ្យសមត្ថកិច្ចថៃ បន្ទាប់ពីលួចស្នាក់នៅខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ នគរបាលជាតិ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធកម្ពុជា បញ្ជូនជនជាតិថៃ ចេញពីប្រទេសកម្ពុជា ចំនួន ១៩៣នាក់ (ស្រី៧៣នាក់)។

ជនជាតិថៃទាំងនោះ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជាបន្ទាប់ ក្រោយរកឃើញពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ មុនបញ្ជូនចេញ ពួកគេត្រូវបាននគរបាលកម្ពុជា ប្រថាប់ត្រាហាមចូល រយ:ពេល ៥ឆ្នាំ។

នាពេលនោះដែរ សមត្ថកិច្ចកម្ពុជា ក៏បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃ ចំនួន ៨៦នាក់ ដោយមន្រ្តី បានស្រង់សាវតា និងដឹកពួកគាត់ជូនមន្ត្រីនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត។

ឈរលើគោលការណ៍មនុស្សធម៌ និងក្ដីស្រលាញ់ចំពោះជនរួមជាតិ នគរបាលប៉ុស្តិ៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុី ចំរើន បានផ្ដល់អាហារ និងទឹកទៅកាន់ជនជាតិថៃ និងជូនពលរដ្ឋខ្មែរ ដូចៗគ្នា៕



