លោក សុខ សូកេន ព្រមទាំង លោកស្រី ចូលរួមក្នុងពិធី បិណ្ឌ១២ នៅវត្តទង់រាជថ្មី នៅខេត្តស្វាយរៀង រួមទាំងថ្នាក់ដឹកនាំក្រសួងអធិការកិច្ច
ស្វាយរៀង៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំង លោកស្រី ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ បិណ្ឌទី១២ នៅវត្តទង់រាជថ្មី ស្ថិតនៅភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រុមហ៊ុន សោម៉ាគ្រុប និងបុត្រសម្ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប។

នៅក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លានេះ លោក ព្រមទាំងលោកស្រី បានអញ្ជើញវេរប្រគេនទេយ្យទាន និងបច្ច័យបូជាដល់ព្រះសង្ឃ និងបានចូលរួមបង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិកាដែលបានចែកឋានទៅកាន់បរលោកខាងមុខ ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃព្រះរាជាណាចក្រកម្ពុជា និងវីរយុទ្ធជន និងវីរកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ។

បន្ទាប់ពីកិច្ចបញ្ចប់ពិធីសាសនា រដ្ឋមន្ត្រី បានអញ្ជើញមានមតិសំណេះសំណាល និងសាកសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល ជាមួយលោកតាជី យាយជី និងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទដែលបានចូលរួម ព្រមទាំងបានពាំនាំនូវការសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ លោក បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការងារកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ព្រមទាំងបានលើកឡើងអំពីការឈ្លានពានពីសំណាក់យោធាថៃមកលើប្រទេសកម្ពុជា ដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តចូលរួមគាំទ្រចំពោះវិធានការ និងដំណោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

បន្ថែមពីនេះ លោក បានជម្រាបជូនប្រជាពលរដ្ឋអំពីដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ ដោយបានជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាននូវការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែរីកចម្រើន។

ជាកិច្ចបញ្ចប់ លោក ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងសម្របសម្រួល ពិនិត្យលទ្ធភាព និងជំរុញជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងស្រុករមាសហែក រួមទាំងឃុំម្រាម សំដៅលើកកម្ពស់កម្រិតជីវភាព និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
