Feature

កម្ពុជា-ព្រីតថេន ជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង និងកសាងសមត្ថភាពកម្លាំងពលកម្ម

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន បានធ្វើការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZs) ព្រមទាំងការកសាងសមត្ថភាពកម្លាំងពលកម្ម។

ជាក់ស្ដែងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dominic Williams ឯកអគ្គរាជទូតព្រីតថេន ប្រចាំកម្ពុជា ដោយមានការចូលរួមផងដែរពី តំណាងក្រុមហ៊ុន ARUP និង TBI ដឹកនាំដោយ លោក Andy Hodgson, Global Advisory Leader (ARUP) និង លោកស្រី Kathleen Kho, Director – Asia Pacific (TBI), ថ្នាក់ដឹកនាំក.អ.ក. និងក្រុមការងារស្ថានទូតព្រីតថេន។ 

ជំនួបពិភាក្សានារសៀលនេះ ភាគីទាំងពីរ បានផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្មតាមរយៈការបន្តសម្រួលនីតិវិធីមិនចាំបាច់ និងការទាញយកប្រយោជន៍ជាអតិបរិមាពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មអង់គ្លេស និងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZs) ព្រមទាំងការកសាងសមត្ថភាពកម្លាំងពលកម្ម។

 ទន្ទឹមគ្នានេះ ភាគីទាំងពីរ ក៏បានធ្វើការពិភាក្សានិងផ្លាស់ប្តូរមតិ និងទស្សនាទានទៅវិញទៅមកយ៉ាងស៊ីជម្រៅ លើការរៀបចំយន្តការសហប្រតិបត្តិការក្នុងវិស័យឡូជីកស្ទីករបស់កម្ពុជា ជាពិសេសពាក់ព័ន្ធទៅនឹងការអនុវត្ត ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣។

ជំនួបនេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល យោគយល់គ្នា និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជន និងប្រទេសទាំងពីរ៕

To Top