Feature

រដ្ឋមន្រ្តីសុខាភិបាល ៖ ភាពឆ្នើមត្រូវផ្តើមចេញពីវប្បធម៌រំលែកទាំងចំណេះជំនាញ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ភាពឆ្នើមត្រូវផ្តើមចេញពីវប្បធម៌រំលែកទាំងចំណេះជំនាញ និងបទពិសោធន៍ដល់សហភារតៈ ខណៈគ្រូពេទ្យពូកែ ត្រូវតែផ្គុំគ្នាដោយភាពឆ្នើមមិនមែនឆ្នើមតែម្នាក់ឯងនោះទេ ត្រូវឆ្នើមទាំងអស់គ្នា។

ក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៨ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមា» លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ការព្យាបាល សង្គ្រោះជីវិត គឺជាតួនាទីសំខាន់របស់គ្រូពេទ្យ ហើយការជួយឱ្យអ្នកជំងឺមានសុខភាពកាន់តែល្អប្រសើរ គឺជាកាតព្វកិច្ចចម្បងរួមគ្នា ដែលនេះជាសកម្មភាពរួមចំណែក អភិវឌ្ឍន៍គុណភាពសេវាថែទាំព្យាបាលមាតា ទារក និងកុមារ លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ។   

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពឥតឈប់ឈរទាំងចំណេះ ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់គុណភាព សុវត្ថិភាព ក្នុងការបម្រើសេវា ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ក្រុមគ្រូពេទ្យត្រូវមានវប្បធម៌ចែករំលែកដល់សហភារតរៈ ជាក្រុមការងារ ជាអ្នករួមវិជ្ជាជីវៈ ដើម្បីវឌ្ឍនភាពនៅលើទំព័របច្ចុប្បន្នភាពជាមួយគ្នា ដើម្បីផលប្រយោជន៍ និងទំនុកចិត្តរបស់អ្នកជំងឺ។ បន្ថែមពីនេះ សាស្រ្តាចារ្យ មានក្តីរំពឹងចំពោះសហភាតរៈទាំងអស់ ដែលស្ថិតនៅលើនាវាវិស័យសុខាភិបាលទាំងអស់គ្នាដោយ «ការរៀនសូត្របន្តឥតឈប់ឈរ ប្រមូលផ្គុំគ្នា» ដើម្បីចូលរួមផ្លាស់ប្តូរបទពិសោធន៍នៃការអនុវត្តជាក់ស្តែង ដើម្បីស្វែងយល់និងពង្រឹងគុណភាពកាន់តែប្រសើរទាំងអស់គ្នា។   

ឆ្លៀតក្នុងឱកាសនេះ  សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គសន្និសីទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តការអភិវឌ្ឍសមត្ថភាពទាំងចំណេះជំនាញ ក្រមសីលធម៌ និងឥរិយាបថ ក្នុងការបម្រើសេវាគ្រប់ពេលវេលា ដើម្បីសុវត្ថិភាពអ្នកជំងឺ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ ដោយពីបេះដូង ក្តីមេត្តា ករុណា ។ ត្រូវបន្តវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ដែលជាការបង្កើនចំណងមិត្តភាពដល់សហភាតរៈទាំងអស់គ្នា។ ចំណេះដឹងពីការរៀនសូត្រ គឺគ្មានដែនកំណត់។ ត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីរិះរកដំណោះស្រាយឱ្យបានទាន់ពេលវេលានិងសមស្រប ដើម្បីភាពរីកចម្រើនសមត្ថភាពបុគ្គល ភាពរីកចម្រើនសម្រាប់អង្គភាព វិស័យសុខាភិបាល និងប្រទេសជាតិ៕

To Top