សម្តេចធិបតី ចង់ឱ្យការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ វិវត្តពីរបៀងដឹកជញ្ជូន ទៅជារបៀងសេដ្ឋកិច្ច និងផលិតកម្ម
ភ្នំពេញ៖ សម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ វិវត្តពីរបៀងដឹកជញ្ជូន ទៅជារបៀងសេដ្ឋកិច្ច និងផលិតកម្ម ដែលតភ្ជាប់រោងចក្រ សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ច អ្នកផ្គត់ផ្គង់ឡូជីស្ទីក និងទីផ្សាររបស់ប្រទេសទាំងពីរ ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-វៀតណាម នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ សម្តេចធិបតី កត់សម្គាល់ថា កម្ពុជា និងវៀតណាម មានឧត្តមភាព និងសក្តានុពលដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក។ វៀតណាម មានមូលដ្ឋានកម្មន្តសាលដែលរីកចម្រើន ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពស៊ីជម្រៅ បច្ចេកវិទ្យា ជំនាញ និងបណ្តាញទីផ្សារអន្តរជាតិ ដ៏ទូលំទូលាយ រីឯកម្ពុជា ក៏កំពុងពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួន ដោយកម្ពុជា មានកម្លាំងពលកម្មវ័យក្មេង ដែលមានជំនាញកាន់តែខ្ពស់ សក្តានុពលថាមពលស្អាត ទីតាំងយុទ្ធសាស្ត្រ និងលទ្ធភាពតភ្ជាប់ទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ។
សម្តេចធិបតី គូសបញ្ជាក់ថា កម្ពុជានិងវៀតណាម បាននិងកំពុងធ្វើការរួមគ្នា តភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿន ម៉ុកបាយ-ហូជីមិញ និងពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឺនណាម ទៅក្នុងកិច្ចព្រមព្រៀង ស្តីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនតាមផ្លូវគោក ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
ទន្ទឹមនេះ សម្តេចធិបតី ស្វាគមន៍ការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ កម្ពុជា-វៀតណាម និងការបន្តអនុវត្តកិច្ចសម្របសម្រួ លជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០២៧-២០២៨ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងកិច្ចការដ៏សំខាន់នេះ។
ក្នុងនោះ សម្តេចធិបតី មានសុទិដ្ឋិនិយមខ្ពស់ថា គំនិតផ្តួចផ្តើមទាំងនេះ នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ឱ្យឈានដល់កម្រិតថ្មីមួយទៀត និងសម្រេចបាននូវគោលដៅ ពាណិជ្ជកម្មដែលបានកំណត់។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ការតភ្ជាប់ផ្លូវរូបវន្ត គ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ អ្វីដែលយើងត្រូវធ្វើបន្ត គឺប្រែក្លាយការតភ្ជាប់ផ្លូវ ទៅជាការតភ្ជាប់ផលិតកម្ម ។ ខ្ញុំចង់ឃើញការតភ្ជាប់ភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ វិវត្តពីរបៀងដឹកជញ្ជូន ទៅជារបៀងសេដ្ឋកិច្ច និងផលិតកម្ម ដែលតភ្ជាប់រោងចក្រ សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ច អ្នកផ្គត់ផ្គង់ឡូជីស្ទីក និងទីផ្សាររបស់ប្រទេសយើងទាំងពីរ។
បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការតភ្ជាប់កាន់តែប្រសើររវាងប្រទេសទាំងពីរ មិនត្រឹមតែជួយសម្រួល ដល់ការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជំរុញការធ្វើដំណើរ និងវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើនផងដែរ៕
