ព័ត៌មានជាតិ

សម្តេចធិបតី៖ ប្រជាជនកម្ពុជា កាន់តែច្រើន កំពុងជ្រើសរើសវៀតណាម ជាគោលដៅទេសចរណ៍ និងសេវាសុខភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រជាជនកម្ពុជា កាន់តែច្រើនកំពុងជ្រើសរើសវៀតណាម ជាគោលដៅសម្រាប់ទេសចរណ៍ និងសេវាសុខភាព ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី​ នាយករដ្ឋមន្ត្រី និងលោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-វៀតណាម នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ។ 

ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការតភ្ជាប់កាន់តែប្រសើរ រវាងប្រទេសទាំងពីរ មិនត្រឹមតែជួយសម្រួល ដល់ការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជំរុញការធ្វើដំណើរ និងវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើនផងដែរ ។

ក្នុងនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី យល់ថា វិស័យទេសចរណ៍ មានសក្តានុពលធំធេង ដែលប្រទេសទាំងពីរ កម្ពុជា-វៀតណាម មិនទាន់ទាញយកបានពេញលេញនៅឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “នៅឆ្នាំ២០២៥ កម្ពុជា បានទទួលភ្ញៀវទេសចរវៀតណាម ប្រមាណជាង១លាននាក់ ដែលធ្វើឱ្យវៀតណាម ក្លាយជាទីផ្សារទេសចរណ៍ធំជាងគេរបស់កម្ពុជា។ ទន្ទឹមនេះ ប្រជាជនកម្ពុជា កាន់តែច្រើនក៏កំពុងជ្រើសរើសវៀតណាម ជាគោលដៅសម្រាប់ទេសចរណ៍ និងសេវាសុខភាពផងដែរ” ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មើលឃើញថា ក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរពីកម្ពុជា ទៅវៀតណាម បានកើនឡើង៤៥ភាគរយ ធៀបជាមួយឆ្នាំ២០២៤។ ទេសចរណ៍ រវាងកម្ពុជានិងវៀតណាម មានមូលដ្ឋានរឹងមាំរួចហើយ ប៉ុន្តែកម្ពុជា-វៀតណាម នៅអាចធ្វើបានច្រើនជាងនេះ ដោយជំហានបន្ទាប់ គឺត្រូវប្រែក្លាយលំហូរទេសចរ ដែលមានស្រាប់ ទៅជាសហប្រតិបត្តិការទេសចរណ៍ កាន់តែស៊ីជម្រៅ។

ក្នុងស្មារតីនេះ សម្តេចធិបតី បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន និងវិស័យឯកជន នៃប្រទេសទាំងពីរ ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងអ្នកផ្តល់សេវាពាក់ព័ន្ធ ឱ្យបង្កើនការផ្សព្វផ្សាយរួមគ្នា និងអភិវឌ្ឍផលិតផល និងកញ្ចប់ទេសចរណ៍រួមគ្នា កម្ពុជា-វៀតណាម ដែលភ្ជាប់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌និងបេតិកភណ្ឌ ទេសចរណ៍ទីក្រុង ទេសចរណ៍ឆ្នេរ ព្រមទាំងទេសចរណ៍សុខភាព។

បន្ថែមលើនេះ លើសពីការជំរុញការធ្វើដំណើរ រវាងប្រជាជននៃប្រទេសទាំងពីរ សម្តេចធិបតី យល់ថា គួរមើលកម្ពុជានិងវៀតណាម ជាគោលដៅទេសចរណ៍​​​ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក សម្រាប់ទាក់ទាញភ្ញៀវពីទីផ្សារទីបី៕

To Top