UNCLOS នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤ -១៨ ខែតុលា
ភ្នំពេញ ៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ២០២៦

តុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានប្រកាសនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធ៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ កិច្ចប្រជុំនេះគឺជាជំហានដ៏សំខាន់មួយទៀតនៅក្នុងដំណើរការដោយសន្តិវិធី ដែលផ្តួចផ្តើមឡើងដោយ កម្ពុជា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាដែនសមុទ្រនៃប្រទេសទាំងពីរ។

ផ្អែកលើមូលដ្ឋាននៃការ ពិភាក្សាប្រកបដោយស្ថាបនានៅក្នុងកិច្ចប្រជុំលើកទី១នៅប្រទេសសិង្ហបុរី កិច្ចប្រជុំលើកនេះនឹងផ្តល់ឱកាស ដល់ភាគីទាំងពីរស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត និងរកឃើញចំណុចដែល ឯកភាពគ្នា ពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ៕
