សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគាស់តូបលក់គ្រឿងអលង្ការនៅផ្សារចាស់
រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើសលួច (គាស់តូបលក់គ្រឿងអលង្ការ)។

ហេតុការណ៍អំពើលួចខាងលើនេះ បានកើតឡើងនៅថ្ងៃទី០៥ខែតុលាឆ្នាំ២០២៦វេលាម៉ោង០២:៣០នាទីយប់ នៅចំណុចក្នុងផ្សារចាស់ ស្ថិតនៅភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបនេះ គឺជាការសហការគ្នាយ៉ាងជិតស្និទ្ធរវាង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ជាមួយ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង អធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះស្រាវជ្រាវយ៉ាងម៉ត់ចត់ រហូតកំណត់បានអត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់៖
ឈ្មោះ៖ ជា សាភា
ភេទ៖ ប្រុស
អាយុ៖ ៣៣ឆ្នាំ
មុខរបរ៖ កម្មកររោងចក្រ
ទីកន្លែងកំណើត៖ ភូមិច្រក់ម្ទេស ឃុំច្រកម្ទេស ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ហើយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
