Feature

សមិទ្ធិផលថ្មីស្រឡាងជាប្រវត្តិសាស្រ្តសម្រាប់ខេត្តឧត្តរមានជ័យ ដោយផ្លូវភ្លោះបេតុងអាមេប្រវែងជាង ៣ គីឡូម៉ែត្រ ត្រូវបានសម្ភោធជាផ្លូវការ

រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវភ្លោះបេតុងអាមេ ចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ និងបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ចំនួន២ ខ្សែប្រវែង ២៧០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងចាក់បេតុងអាមេ ទីធ្លាសួនទំហំ ៦០០០ម៉ែត្រការ៉េ

ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ក្រោមអធិបតីភាព លោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកគន់គីមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្ដរមានជ័យដោយមានការចូលរួមពីមន្រ្តីរាជការរួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ។

លោក ផុន ចាន់និល អភិបាលក្រុងសំរោង បានលើកឡើងថា ផ្លូវភ្លោះបេតុងអាមេដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មានប្រវែង ៣៤៦០ម៉ែត្រ ទទឹង១៥ម៉ែត្រ មានកម្រាស់២តឹក និងបានរៀបការ៉ូឡាសងខាង ផ្លូវទំហំ ២ម៉ែត្រ សួនច្បារទ្រូងផ្លូវ និងដាក់បង្គោលភ្លើងសូឡាដៃភ្លោះ ចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលជាមួយគ្នាក៏មានការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ចំនួន២ ខ្សែប្រវែង ២៧០ម៉ែត្រ  ទទឹង ១២ម៉ែត្រ និងចាក់បេតុងអាមេ ទីធ្លាសួនទំហំ ៦០០០ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក មាន ចាន់យ៉ាដា បានលើកឡើងថា សមិទ្ធិផលថ្មីស្រឡាងជាប្រវត្តិសាស្រ្តសម្រាប់ខេត្តឧត្ដរមានជ័យ គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងការជំរុញការអភិវឌ្ឍមូលដ្ឋាន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល និងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់ឱ្យកាន់តែមានភាពរលូន។

លោក បន្ដថា ការលេចត្រដាងឡើងនូវដងផ្លូវបេតុងដ៏ធំទូលាយ អមដោយភ្លើងអគ្គិសនីសូឡា និងសួនច្បារដ៏ស្រស់ស្អាត មិនត្រឹមតែជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរនាពេលរដូវវស្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង លើកស្ទួយសោភ័ណភាពទីក្រុងសំរោង ឱ្យស័ក្តិសមជាទីប្រជុំជនខេត្តព្រំដែនដ៏មានសក្តានុពល និងនាំមកនូវមោទនភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

លោក អភិបាលខេត្ត ស្នើសុំបងប្អូនប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ទាំងអស់ត្រូវចូលរួមថែរក្សាការពារឱ្យបានគត់មត់និងគង់វង្សចៀសវាងការបង្កលក្ខណៈឱ្យមានការខូចខាតឬបែកបាក់នូវចំណុចណាមួយដោយចេតនានិងការធ្វេសប្រហែសដូចជាការចតយានយន្តឬលក់ដូរលើទ្រូងផ្លូវឬលើការ៉ូឡាការចតឈប់កិនបំបែកមាត់លូឬខឿនចិញ្ចើមផ្លូវការចោលសំរាមកកស្ទះក្នុងមាត់លូនិងការបុកប៉ះឬចោលវត្ថុរឹងបំបែកអំពូលភ្លើងបង្គោលភ្លើងការបើកបរលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់ចរាចរណ៍ជាដើម៕

ដោយ៖ សួន ពិសិតដើមអម្ពិល

To Top