Feature

រដ្ឋបាលខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងនិងថវិកា ជូនវីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារ!

កំពង់ធំ៖ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជួរមុខ ក្នុងឱកាសប្រធានភ្ជុំនេះ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អមដំណើរដោយប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង/ស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ស្បៀងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន

ចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ  នៅវត្តឈើទាលគង ឃុំឈើទាលគង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងពិធីសំណេះសំណាលនេះលោក នួន ផារ័ត្ន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ។ លោកបានគូសបញ្ជាក់ថា សម្តេចធិបតី តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ 

លោក អភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងគំរូវីរភាពដ៏ស្មោះត្រង់របស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាព ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ 

លោកវរសេនីយ៍ឯក សោម សុភាវុធ តំណាងដល់នាយទាហាន និងពលទាហានទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលចុះជួបសំណេះសំណាលដោយផ្ទាល់ពីសុខទុក្ខរបស់កងកម្លាំងជួរមុខ និងបាននាំយកនូវសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនដល់កម្លាំងនាពេលនេះ។ លោកវរសេនីយ៍ឯក សោម សុភាវុធ បានគោរពជូនពរដល់ថ្នាក់ដឹកនាំខេត្ត រួមទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋ សូមមានសុខសុវត្ថិភាពគ្រប់ពេលវេលា និងទទួលបានជោគជ័យគ្រប់ភារកិច្ច នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលនេះ។

នាឱកាសនោះ ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក៏បានប្រគល់អំណោយលើកទឹកចិត្តជាស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមជាមួយថវិកាមួយចំនួនដែលទទួលបានការចូលរួម ឧបត្ថម្ភពី

ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងសប្បុរសជននានា ក្នុងខេត្តកំពង់ធំ ផ្តល់ជូនដល់វីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផងដែរ៕

ដោយ៖ សំនៀង

To Top