ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារជាមួយក្រុមការងារតស៊ូមតិ ដើម្បីអនុសញ្ញា ILO C190 នៅកម្ពុជា
ភ្នំពេញ៖លោកស្រី សួស ស៊ីនួន អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ នៃសកម្មភាពក្រុមការងារតស៊ូមតិ ដើម្បីអនុសញ្ញា ILO C190 នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីតំណាងនាយកដ្ឋានពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ លោកស្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារសិទ្ធិ និងលើកកម្ពស់សុខុមាលភាពកម្មករនិយោជិត តាមរយៈការដាក់ចេញនូវផែនការសកម្មភាពជាតិ និងការបញ្ចូលខ្លឹមសារពាក់ព័ន្ធនឹងអនុសញ្ញា ILO C190 ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិង សុខភាពការងារ ព្រមទាំងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរដ្ឋបាលរោងចក្រ និងមន្ត្រីពាក់ព័ន្ធ។

លើសពីនេះ ក្រសួងក៏បន្តលើកកម្ពស់កិច្ចសន្ទនាសង្គម ដោយបើកឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមមាននិយោជក សហជីព និងដៃគូអភិវឌ្ឍន៍ ចូលរួមផ្តល់យោបល់ និងស្វែងរកដំណោះស្រាយរួមផងដែរ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានរំលឹកអំពីយន្តការទទួលពាក្យបណ្តឹង និងផ្តល់ព័ត៌មានមកក្រសួងការងារនិងបណ្តុះបណ្តោលវិជ្ជា មានដូចជា ប្រព័ន្ធ Hotline លេខ ១២៩៧ ឬ១២៨៦, ប្រអប់បណ្ដឹងអនាមិកក្នុងការទទួលបណ្ដឹង និងយន្តការដោះស្រាយវិវាទការងារតាមនីតិវិធីច្បាប់ជាធរមានដែលទាក់ទងការប្រើហិង្សា និងបៀនបៀតផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ។

ជាចុងក្រោយ លោកស្រីបានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្ត សហការជាមួយក្រសួង ដើម្បីជំរុញការលើកកម្ពស់ការងារសមរម្យ ការការពារសិទ្ធិកម្មករនិយោជិត និងការបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ៕

