Feature

សហគ្រាសធុនមីក្រូតូច និងមធ្យម មានតួនាទីគន្លឹះ បង្កើតការងារ

ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្លែងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម មានតួនាទីគន្លឹះ ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោក ហែម វណ្ណឌី បញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម មានតួនាទីគន្លឹះ ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញផលិតកម្ម សេវាកម្មក្នុងស្រុក និងរួមចំណែកដល់កំណើន  សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

លោកថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ សហគ្រាស និងសិប្បកម្ម ដែលបានចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានជាង៤៤.០០០ មូលដ្ឋាន ដែលផ្តល់ការងារជិត៥០ ម៉ឺនកន្លែង។
 
រដ្ឋមន្រ្តីបន្ថែមថា តួលេខនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំហំ និងសារសំខាន់របស់វិស័យនេះចំពោះសកម្មភាពសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះទៀត លោកហែម វណ្ណឌីបញ្ជាក់ថា ទោះយ៉ាងណា បញ្ហាប្រឈមនៅដំណាក់កាលបន្ទាប់ មិនមែនត្រឹមតែការបង្កើនចំនួនសហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវធ្វើឱ្យសហគ្រាសទាំងនេះកាន់តែមានផលិតភាព គុណភាព និងស្តង់ដាចាប់យកបច្ចេកវិទ្យាបានកាន់តែប្រសើរ និងអាចតភ្ជាប់ទៅនឹងទីផ្សារ រោងចក្រធំៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានតម្លៃបន្ថែមខ្ពស់៕

To Top