Feature

សហភាពពលកម្មជាតិកម្ពុជា និងធនាគារ អេ អឹម ខេ សហការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់កម្មករ និងអតីតពលករ ដើម្បីប្រើប្រាស់ប្រាក់ចំគោលដៅ និងកាត់បន្ថយហានិភ័យបំណុល

ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា និងធនាគារ អេ អឹម ខេ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងពង្រីកឱកាសទទួលបានសេវាធនាគារជូនបងប្អូនកម្មករនិយោជិត និងអតីតពលករ សំដៅជួយឱ្យពួកគាត់គ្រប់គ្រងចំណូលចំណាយ ប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ និងកាត់បន្ថយហានិភ័យពីបំណុលក្រៅផ្លូវការ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាលធនាគារ អេ អឹម ខេ ដោយមានវត្តមានលោក គា បូរាណ ប្រធាននាយកប្រតិបត្តិធនាគារ និងលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនៃភាគីទាំងពីរ។

លោក សំ សឿន បានលើកឡើងថា ការបណ្តុះបណ្តាល និងការណែនាំអំពីការប្រើប្រាស់ប្រាក់កម្ចី មានសារៈសំខាន់ក្នុងការជួយកម្មករឱ្យយល់ពីតម្រូវការជាក់ស្តែង និងលទ្ធភាពសងរបស់ខ្លួន មុនសម្រេចចិត្តខ្ចីប្រាក់ ដើម្បីបញ្ចៀសបន្ទុកបំណុលដែលអាចប៉ះពាល់ដល់ជីវភាពគ្រួសារ។

លោកបានបញ្ជាក់ថា៖ «ចំពោះការផ្តល់នូវការបណ្ដុះបណ្ដាល ការពន្យល់ ណែនាំ បង្រៀនដល់កម្មករឲ្យយល់ដឹងពីការប្រើប្រាស់ហិរញ្ញវត្ថុ ការប្រើប្រាស់កម្ចី និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឲ្យបានល្អ»។

បើតាមលោក សំ សឿន កម្មករនិយោជិតមួយចំនួនកំពុងប្រឈមនឹងបំណុលក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់ រួមទាំងកម្ចីដែលតម្រូវឱ្យដាក់បញ្ចាំឯកសារផ្ទាល់ខ្លួន ដូចជា អត្តសញ្ញាណប័ណ្ណ និងប័ណ្ណ ប.ស.ស.។

លោកក៏បានបង្ហាញក្តីបារម្ភចំពោះកម្ចីអនឡាញមួយចំនួន ដែលងាយស្រួលស្នើសុំតាមទូរស័ព្ទ ប៉ុន្តែមានអត្រាការប្រាក់ខ្ពស់ និងអាចបង្កបន្ទុកធ្ងន់ធ្ងរដល់អ្នកខ្ចី។

លោកយល់ថា ការចូលរួមផ្តល់ចំណេះដឹងពីស្ថាប័នហិរញ្ញវត្ថុ នឹងជួយឱ្យកម្មករយល់កាន់តែច្បាស់អំពីលក្ខខណ្ឌឥណទាន អត្រាការប្រាក់ និងការទូទាត់សង ព្រមទាំងស្វែងយល់ពីការស្នើសុំកម្ចីនៅស្ថាប័នស្របច្បាប់ ឱ្យសមស្របនឹងតម្រូវការ និងសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន។

តាមរយៈកិច្ចសហការនេះ ធនាគារ អេ អឹម ខេ នឹងផ្តល់សេវាហិរញ្ញវត្ថុឌីជីថល និងដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីជួយសម្រួលការគ្រប់គ្រងប្រាក់របស់សមាជិកសហភាព និងរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិត៕

To Top