នយោបាយ

វិភាគ ៖ ប្រទេស៨ មានអាវុធ​នុយក្លេអ៊ែរ ហេតុអីអាមេរិក ធ្វើបាបតែកូរ៉េខាងជើង មិនឲ្យផលិតអាវុធនេះ ?

បច្ចុប្បន្នភាព

គិតត្រឹមឆ្នាំ២០២២នេះ ប្រទេសចំនួន៨ នៅលើពិភពលោក ដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង អង់គ្លេស អ៊ីស្រាអែល ឥណ្ឌា ប៉ាគិស្ថាន និងកូរ៉េខាងជើង ជាប្រទេសទី៩ ដែលជាប្រទេស មានអាវុធនុយក្លេអ៊ែរ ។

ប្រទេសទាំង៨ខាងលើ មានអាវុធនុយក្លេអ៊ែរក្នុងដៃ និងកំពុងរស់នៅយ៉ាងសុខសាន ដោយមិនមានការធ្វើទុក្ខបុកម្នេញ ពីស្ថានប័នអន្តរជាតិណាមួយ ឬពីប្រទេសណាមួយនោះទេ គឺផ្ទុយស្រឡះពីប្រទេសកូរ៉េខាងជើង ដែលត្រូវបានធ្វើបាបរាប់សិបឆ្នាំ កន្លងមកហើយ ។

កូរ៉េខាងជើង បានទទួលរងទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក និងអង្គការ សហប្រជាជាតិ រហូតដល់ជាង១០លើ និងត្រូវបានដាក់អោយនៅឯកោ នៅលើពិភពលោក ដោយសារតែប្រទេសនេះ មានមហិច្ឆិតាផលិតអាវុធនុយក្លេអ៊ែរ ដូចប្រទេស៨ខាងលើដែរ ។

ហេតុអីបានជា ប្រទេសកូរ៉េខាងជើង រងទុក្ខវេទនាតែម្នាក់ឯង ដោយសារមហិច្ឆិតា ផលិតអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល ខណៈដែលប្រទេស ៨ផ្សេងទៀត អាចផលិតបាន និងមិនមានការដាក់ទណ្ឌកម្ម ឬដាក់អោយនៅឯកោ នៅលើពិភពលោក ?

មូលហេតុដែលកូរ៉េខាងជើង រងទុក្ខវេទនាក្នុងសំណុំរឿងមហិច្ឆិតា ផលិតអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល គឺដោយសារប្រទេសនេះ បានបំពានលើសន្ធិសញ្ញាអន្តរជាតិ ដែលបានហាមប្រាមមិនអោយផលិតអាវុធនុយក្លេអ៊ែរ ។

កាលពីឆ្នាំ១៩៦៨ ពិភពលោកបានបង្កើតសន្ធិសញ្ញា មិនសាយភាយអាវុធនុយក្លេអ៊ែរ (Treaty on the Non-Proliferation of Nuclear Weapons) ហៅកាត់ថា (NPT) ក្នុងគោលដៅហាមឃាត់ប្រទេសនានា នៅទូទាំងពិភពលោក មិនអោយផលិតអាវុធនុយក្លេអ៊ែរ ដែលជាអាវុធមហាប្រល័យ អាចធ្វើអោយពិភពលោករលំរលាយនៅពេលខាងមុខ ខណៈដែលប្រទេស កាន់តែច្រើនមានអាវុធប្រភេទនេះ ។

សន្ធិសញ្ញាមិនសាយភាយ អាវុធនុយក្លេអ៊ែរ (NPT) បានចូលជាធរមានចាប់តាំងពីឆ្នាំ១៩៧០កន្លងទៅ ដែលរហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩៥ មានរដ្ឋសរុបប្រមាណ ១៩១រដ្ឋ បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ រួមទាំងកូរ៉េខាងជើងផងដែរ ។

ទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ (International Atomic Energy Agency) ហៅកាត់ថា (IAEA) គឺជាស្ថាប័នទទួលបន្ទុកអនុវត្តតាមសន្ធិសញ្ញានេះ ដោយឃ្លាំមើលប្រទេស និងដែនដីនានានៅទូទាំងពិភពលោក ពាក់ព័ន្ធនឹងថាមពលនុយក្លេអ៊ែរ ។

អតីតមេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង បានប្រកាសដកខ្លួនចេញពី NPT កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៣កន្លងទៅ ដោយលើកហេតុផលថា ប្រទេសរបស់ខ្លួនកំពុង ទទួលរងការគំរាមកំហែងផ្នែកសន្តិសុខ ពីសំណាក់សហរដ្ឋអាមេរិក ។

ផ្ទាំងពាណិជ្ជកម្ម

កូរ៉េខាងជើងបានប្រកាសថា សហរដ្ឋអាមេរិក បានយកអាវុធ នុយក្លេអ៊ែររបស់ខ្លួនទៅគំរាមកំហែងលើប្រទេសនេះ ខណៈដែលកូរ៉េខាងជើង មិនមានអាវុធនុយក្លេអ៊ែរក្នុងដៃ និងស្ថិតក្រោមការគម្រាមវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរពីអាមេរិកជាដ៏រាប ។

កូរ៉េខាងជើង មិនត្រឹមតែប្រកាសដកខ្លួន ចេញពីសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ប៉ុណ្ណោះទេ ប្រទេសនេះថែមទាំងចាប់ផ្តើម សកម្មភាពនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីប្រកាសដកខ្លួនចេញពី NPT ដែលធ្វើអោយពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

រយៈពេល៣ឆ្នាំ ក្រោយពីបានប្រកាស ដកខ្លួនចេញពី NPT កូរ៉េខាងជើងបានចាប់ផ្តើមសាកល្បង នុយក្លេអ៊ែរ លើកដំបូងកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៦ ដែលធ្វើអោយពិភពលោក ភ្ញាក់ផ្អើលខ្លាំង និងយកចិត្តទុកដាក់កាន់តែខ្លាំង លើកូរ៉េខាងជើង ។

កូរ៉េខាងជើង បានសាកល្បងនុយក្លេអ៊ែរ ជាបន្តបន្ទាប់រហូតដល់៦លើក ដោយលើកទី២ ប្រទេសនេះបានសាកល្បងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៩ លើកទី៣នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ លើកទី៤នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ លើកទី៥នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ និងលើកទី៦នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេសកូរ៉េខាងជើង បន្តមហិច្ឆិតាលផលិតអាវុធនុយក្លេអ៊ែរ រហូតដល់បានសម្រេច កាលពីឆ្នាំ២០១៧កន្លងទៅ គឺដោយសារប្រទេសនេះ បានប្រកាន់ យកគោលជំហរថា ប្រសិនបើប្រទេសនេះ មិនមានប៊ូតុង នុយក្លេអ៊ែរក្នុងដៃទេ សហរដ្ឋអាមេរិក នៅតែប្រមាថមើលងាយ កូរ៉េខាងជើង ។

ការប្រកាន់យកគោលជំហរបែបនេះហើយ បានជាប្រមុខដឹកនាំកំពូលកូរ៉េខាងជើង៣ជំនាន់ ចាប់តាំងពីជីតារហូតដល់ចៅ លោក គីម អ៊ីលស៊ុង លោក គីម ជុងអ៊ីល និងលោក គីម ជុងអ៊ុន បានខិតខំប្រឹងប្រែងផលិតអាវុធ នុយក្លេអ៊ែររហូតបានសម្រេច ។

លោក គីម ជុងអ៊ុន បានប្រកាសតាមទូរទស្សន៍រដ្ឋ KCNA កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅថា កូរ៉េខាងជើង គឺជាប្រទេសមហាអំណាច នុយក្លេអ៊ែរ ដោយបានសាកល្បងនុយក្លេអ៊ែរ៦លើក បានជោគជ័យទាំងស្រុង ។

នៅចុងឆ្នាំ២០១៧ដដែល កូរ៉េខាងជើងមិនត្រឹមតែសាកល្បងនុយក្លេអ៊ែរ បានជោគជ័យទេ ប្រទេសនេះក៏បានសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) បានដោយជោគជ័យផងដែរ ដែលមីស៊ីលប្រភេទនេះ បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ទៅវាយប្រហារទីតាំងណាមួយ ។

ទោះបីជាទទួលរងទណ្ឌកម្ម សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និងត្រូវបានដាក់អោយ នៅឯកោ នៅលើពិភពលោកក៏ដោយ ក៏កូរ៉េខាងជើង បានប្រឹងប្រែង រហូតបានសម្រេចមហិច្ឆិតាផលិតអាវុធនុយក្លេអ៊ែរ ដែលជាប្រទេសមហាអំណាច នុយក្លេអ៊ែរទី៩នៅលើពិភពលោក ៕
ដោយ ៖ អ៊ី ជិន

To Top
×