កីឡា

លោកបណ្ឌិត កៅ ថាច អញ្ជើញបើកការ ប្រកួតកីឡាដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) តំណាង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញ ចូលរួមបើកការ ប្រកួតកីឡាដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ។

ថ្លែងក្នុងពិធីបើកការ ប្រកួតកីឡានោះ លោកបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ ទៅកាន់យុវជនជាកីឡាករ ទាំងអស់ ដែលបានចុះឈ្មោះចូលរួមប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់នាពេលនេះ។

លោកមានប្រសាសន៍ណែនាំមួយចំនួនទៅកាន់យុវជនថា ការប្រកួតរៀបចំនេះ គឺជាការប្រកួតដើម្បីមិត្តភាព ។ ដូចនេះ ពេលប្រកួតត្រូវនាំគ្នាគោរពវិន័យ និងរក្សាសេចក្តីថ្លៃថ្នូរ ក្នុងនាមជាកីឡាករ ល្អមួយរូប និងត្រូវចេះលេង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចេះសាមគ្គីគ្នាក្នុងក្រុម ដើម្បីទទួលបានជ័យជម្នះ ។

លោកបន្តថា ការលេងកីឡា គឺដើម្បីសុខភាព ដើម្បីមិត្តភាព និងនាំឲ្យមានបញ្ញាវាងវៃ ។ ដូចនេះកីឡាករត្រូវនាំគ្នា លេងជាប្រចាំ ដើម្បីរក្សាសុខភាព និងជៀសវាងការប្រើប្រាស់គ្រឿងញៀន ដែលនាំឲ្យអន្តរាយដល់សុខភាព និងសង្គមជាតិ ។

លោកបណ្ឌិត កៅ ថាច ឲ្យដឹងទៀតថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបាននិងកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខ ។ នេះសបញ្ជាក់ ឲ្យឃើញថា កម្ពុជាមានការអភិវឌ្ឍ និងរីកចំរើនលើវិស័យកីឡា ។ ស្របពេលនេះ ប្អូនៗដែលមានឆន្ទៈចង់ ក្លាយជាជំរើសជាតិ គួរបន្តរក្សាការអភិវឌ្ឍខ្លួន និងហ្វឹកហាត់ជាប្រចាំដើម្បីមានឱកាសបញ្ចេញសមត្ថភាព ។ ការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ លោកសង្ឃឹមថា នឹងមានវត្តមានប្អូនៗជាកីឡារជំរើសជាតិដែលចេញពីស្រុកខ្សាច់កណ្តាលផងដែរ។

ទន្ទឹងនឹងនេះ លោកបានផ្តាផ្ញើទៅកាន់ អាជ្ញាកណ្តាល អ្នករៀបចំកម្មវិធីប្រកួត ធ្វើការពិនិត្យ និងជ្រើសរើសយុវជនឆ្នើម លេងបានល្អក្នុងចំណោម២០ក្រុម ដែលមានវត្តមាន ដើម្បីធ្វើការបង្កើតក្រុមថ្មីតំណាង ស្រុកខ្សាច់កណ្តាលទាំងមូល។ លោកក៏នឹងស្នើសុំការរៀបចំការប្រកួតថ្មីមួយទៀត រវាងយុវជនស្រុកខ្សាច់កណ្តាល យុវជនស្រុកកៀនស្វាយ និងស្រុកល្វាឯម ដើម្បីដណ្តើមពានរង្វាន់ នៅពេលខាងមុខ ។

ជាមួយគ្នានេះ ដោយការបោះឆ្នោតខិតជិតមកដល់ លោកបណ្ឌិត បានស្នើសុំឲ្យប្អូនៗយុវជនទៅចូលរួមបោះឆ្នោតទាំងអស់គ្នាដើម្បីបន្តរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ មានចំនួន២០ក្រុមចូលរួមបែងចែកជា៤ពូល ។ ការប្រកូតផ្តាច់ព្រ័ត្ត្រនឹងធ្វើនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ៕

To Top