បច្ចេកវិទ្យា

អំឡុងពេលកូវីដ-១៩ ការប្រើប្រាស់ QR Code មានការកើនឡើង ជាផ្នែកមួយ នៃការតាមដានផ្សេងៗ ពីសំណាក់ឧក្រិដ្ឋជន

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងអំឡុងពេលជំងឺរាតត្បាតកើតឡើងជាសកល ការប្រើប្រាស់ QR Code គឺមានការកើនឡើងជាលំដាប់ ដែលជាផ្នែកមួយនៃការតាមដានផ្សេងៗពីសំណាក់ឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណេត ដែលទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការកំណត់គោលដៅទៅលើអ្នកប្រើប្រាស់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានពន្យល់ថា តើធ្វើដូចម្តេច ដើម្បីការពារ កុំឲ្យធ្លាក់ខ្លួនជាជនរងគ្រោះពីការប្រើប្រាស់ QR Code? ហើយក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកវិធីសាស្ត្រ ចំនួន ៥ ចំណុច ដើម្បីមានសុវត្ថិភាពបន្ទាប់ពីការស្កេន QR Code ដូចខាងក្រោម៖

ទី១-សូមមើល URL៖ នៅពេលដែលលោកអ្នកបាញ់កាមេរ៉ាទូរស័ព្ទរបស់លោកអ្នកទៅកាន់ QR Code លោកអ្នកនឹងឃើញ URL ជាមុនសិននៅលើអេក្រង់ទូរស័ព្ទរបស់លោកអ្នក។ ប្រសិនបើវាជាតំណខ្លី ឬអ្វីមួយដែលមិនអាចស្គាល់ សូមបន្តដោយប្រុងប្រយ័ត្ន និងតាមដានថាតើតំណនោះ ពិតជាតំណដែលលោកអ្នកចង់ចូលឬក៏អត់។ ត្រូវប្រាកដថា QR Code នឹងនាំលោកអ្នកទៅកន្លែង ដែលលោកអ្នករំពឹងថានឹងទៅនោះ។

ទី២-ត្រួតពិនិត្យមើល URL នៅក្នុង Browser បន្ទាប់ពីលោកអ្នកចុច៖ វាប្រហែលជាប្រាប់ថា វាកំពុងតែនាំលោកអ្នកទៅកាន់គេហទំព័ររបស់ទីកន្លែងមួយ តែបន្ទាប់មកវាបាននាំលោកអ្នក ទៅកាន់គេហទំព័រដែលមានរូបរាងស្រដៀង និងក្លែងក្លាយមួយទៅវិញ។ សូមធ្វើការត្រួតពិនិត្យ URL ដោយការប្រុងប្រយ័ត្ន។

ផ្ទាំងពាណិជ្ជកម្ម

ទី៣-កុំបើកចូលគណនីបន្ទាប់ពីស្កេន QR Code៖ មានពេលខ្លះ លោកអ្នកនឹងត្រូវធ្វើវា ប៉ុន្តែត្រូវធ្វើយ៉ាងប្រុងប្រយ័ត្នបំផុត។ ជាការពិត សូមប្រុងប្រយ័ត្នខ្ពស់ក្នុងការផ្តល់ព័ត៌មានផ្ទាល់ខ្លួន ណាមួយនៅលើគេហទំព័រ ដែលអ្នកបានចូលតាមរយៈ QR Code ។

ទី៤-កុំទាញយកកម្មវិធីតាមរយៈ QR Code៖ ការបោកបញ្ឆោតទូទៅ គឺដើម្បីការផ្សព្វផ្សាយកម្មវិធីថ្មី នៅលើ QR Code។ នៅពេលនោះហើយ ដែលលោកអ្នកឲ្យមេរោគបានចូលទៅកាន់ឧបករណ៍របស់អ្នក រួចហើយលួចព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ វាគឺជាពេលវេលាដ៏ល្អមួយសម្រាប់ឧក្រិដ្ឋជនប្រព័ន្ធអ៊ីនធឺណេត។

និងទី៥-សូមប្រុងប្រយ័ត្នលើការទូទាត់ប្រាក់៖ កុំធ្វើការទូទាត់សាច់ប្រាក់តាមរយៈ QR Code លុះត្រាណាលោកអ្នកប្រាកដច្បាស់ ថាវាស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា QR Code មិនមានគ្រោះថ្នាក់នោះទេ វាគ្រាន់តែជាតំណភ្ជាប់មួយតែប៉ុណ្ណោះ។ តែសូមប្រើប្រាស់ QR Code ជាមួយនឹងវិធីសាស្រ្តសុវត្ថិភាព និងប្រុងប្រយ័ត្នខ្ពស់ នៅពេល ដែលអ្នកប្រើប្រាស់តំណ QR Code ណាមួយដែលអ្នកបានឃើញនៅលើអ៊ីនធឺណិត៕

To Top