បច្ចេកវិទ្យា

ជីវភាពកាបូនទាប រួមចំណែកសំខាន់ ដល់ការអភិវឌ្ឍ បៃតង

«ភពផែនដីមានតែមួយគត់ យើងត្រូវថែរក្សាវាឱ្យដូចជាថែកែវភ្នែករបស់យើង» , «ប្រទេសចិននឹងមិនស្វែងរកការអភិវឌ្ឍលឿនដោយការបង់តម្លៃខាងបរិស្ថានជាដាច់ខាត» សម្តីទាំងនេះជាការលើកឡើងជារឿយៗរបស់ថ្នាក់ដឹកនាំចិន ។

ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិដែលតម្រូវឱ្យប្រទេសនានាចាំបាច់ត្រូវចាត់វិធានការឆ្លើយតបដោយមានប្រសិទ្ធភាព ។ បច្ចុប្បន្ន ឃ្លាតពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិនៅសល់តែ ៨ ឆ្នាំទៀតទេ យ៉ាងណាមិញ នៅមានប្រទេសជាច្រើនដែលមិនទាន់ទទួលបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងការឈានទៅសម្រេចគោលដៅនេះទេ ព្រោះក្នុងប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ឧស្សាហកម្មធុនធ្ងន់ដែលបញ្ចេញសារធាតុបំពុលច្រើននៅតែជាសសរស្តម្ភនៃសេដ្ឋកិច្ចជាតិ ហើយការប្រើធ្យូងថ្មនិងឥន្ធនៈដែលបំភាយឧស្ម័នកាបូនិកច្រើននៅតែជាមធ្យោបាយសំខាន់សម្រាប់ការទទួលបានថាមពល ។

ជាការពិតណាស់ ក្រៅពីការដាក់ចេញវិធានការឬគោលនយោបាយដែលមានប្រសិទ្ធភាព ការយល់ដឹងនិងការរួមចំណែករបស់ប្រជាជនជាកត្តាគន្លឹះដើម្បីឈានដល់ការសម្រេចគោលដៅអភិវឌ្ឍន៍បៃតងឬការអភិវឌ្ឍប្រកបដោយចីរភាព ។ អាស្រ័យហេតុនេះ ជីវភាពកាបូនទាបបានក្លាយជាទិសដៅសំខាន់ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសចិននិងបណ្តាប្រទេសនានា ។

ការកាត់បន្ថយការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ ការប្រើថាមពលអគ្គិសនីដែលផលិតពីថាមពលវារីអគ្គិសនី ថាមពលខ្យល់ និងថាមពលសូឡាដែលជាថាមពលស្អាតនិងអាចកកើតឡើងវិញជាទិសដៅធំក្នុងការកាត់បន្ថយការបញ្ចេញកាបូនរបស់ប្រទេសចិន ។ ចំណែកឯក្នុងជីវភាពប្រចាំថ្ងៃ រដ្ឋាភិបាលចិនបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរស់នៅទីក្រុងធំៗប្រើប្រាស់រថយន្តដើរដោយថាមពលថ្មី (ថាមពលអគ្គិសនីឬថាមពលស្អាត)មកជំនួសរថយន្តប្រពៃណីដែលប្រើប្រាស់ប្រេងឥន្ធនៈ ។ រថយន្តក្រុងនិងរថភ្លើងក្រោមដីក៏បានប្តូរទៅប្រើថាមពលស្អាតជាបណ្តើរៗដែរ ។

នៅតាមដងវិថីនៃទីក្រុងភាគច្រើននៅប្រទេសចិន គេនឹងសង្កេតឃើញមានកង់ជាច្រើនដែលដាក់តម្រៀបគ្នានៅតាមចិញ្ចើមផ្លូវ កង់ទាំងនេះជនជាតិចិនហៅថា «កង់ចែករំលែក» ជាកង់ចតនៅកន្លែងសាធារណៈដែលមនុស្សគ្រប់រូបអាចយកមកជិះបានដោយគ្រាន់តែស្កេន QR កូដនឹងអាចប្រើប្រាស់បាន ហើយពេលសងវិញយកទៅចតនៅតាមកន្លែងកំណត់ដែលមានគូសគំនូសសលើចិញ្ចើមផ្លូវរួចទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកជាការស្រេច ។

កង់ចែករំលែកអាចនិយាយបានថាជាផលិតផលកាបូនទាបដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋចិន ។ ប្រជាពលរដ្ឋចិន ពិសេសពួកយុវជនបានកាត់បន្ថយការបើកបរយានយន្តផ្ទាល់ខ្លួន ហើយធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរសាធារណៈដូចជារថយន្តក្រុងឬរថភ្លើងក្រោមដី បន្ទាប់មកជិះកង់ចែករំលែកទៅគោលដៅរបស់ខ្លួន ឬបើចម្ងាយផ្លូវជិតគឺជិះកង់ចែករំលែកទៅមកដោយផ្ទាល់តែម្តង ។ ការធ្វើដំណើរបែបបៃតងដែលមានភាពងាយស្រួលបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវរបស់រដ្ឋាភិបាលស្តីពី«ការធ្វើដំណើរបៃតង» ដែលធ្វើឱ្យទស្សនៈជីវភាពបៃតងឬកាបូនទាបជ្រាបចូលទៅក្នុងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូបជាបណ្តើរៗ ។

ក្រៅពីការធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរបៃតង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិនក៏បង្វែរទៅរកជីវភាពកាបូនទាបជាបណ្តើរៗ ដូចជាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជំនួសដោយការប្រើថង់ក្រណាត់អាចរំលាយបានដែលអាចប្រើបានច្រើនដង ការចាត់ចែងកាកសំណល់ទៅតាមប្រភេទ ការកាត់បន្ថយការប្រើក្រដាសដូចជាសំបុត្រយន្តហោះ សំបុត្រជិះយានយន្តសាធារណៈ សំបុត្រចូលទស្សនារមណីយដ្ឋាន និងវិក្កយបត្រជាដើម ហើយជំនួសដោយសំបុត្រអេឡិចត្រូនិកឬបណ្ណទូទាត់អេឡិចត្រូនិក ។

កាលពីខែកញ្ញាឆ្នាំ ២០២០ ប្រទេសចិនបានដាក់ចេញជាផ្លូវការនូវគោលដៅ«កាបូនពីរ» ពោលគឺការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនៅឆ្នាំ ២០៣០ និងអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៦០ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍបៃតងដោយគ្រប់ជ្រុងជ្រោយនិងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក ។

ងាកមកមើលពីប្រទេសកម្ពុជាវិញ រាជរដ្ឋាភិបាលក៏បានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចគោលដៅសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការអភិវឌ្ឍបៃតងផងដែរ ដោយបានដាក់ចេញអនុក្រឹតស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ការជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីជំនួសរថយន្តប្រើប្រេងឥន្ធនៈ ការកាត់បន្ថយការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ និងការគ្រប់គ្រងសំណល់ជាដើម ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់លើកឡើងថា ដើម្បីធ្វើបដិវត្តថាមពលឱ្យបានលឿន និងប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាតអាចកកើតឡើងវិញ និងមានប្រសិទ្ធភាពជាងមុន កម្ពុជាបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៦៤,៦ លានតោន សមមូលឧស្ម័នកាបូនិកត្រឹមឆ្នាំ ២០៣០ នៅក្នុងវិស័យព្រៃឈើ, ថាមពល, ឧស្សាហកម្ម, កសិកម្ម និងការគ្រប់គ្រងសំណល់ ។

ជាការពិតណាស់ «ការអភវិឌ្ឍបៃតង»អាចនិយាយបានថាជាគោលនយោបាយជាតិដែលជារឿងធំនិងសំខាន់របស់ប្រទេសជាតិផង ប៉ុន្តែក៏អាចនិយាយបានថាជារឿងសាមញ្ញទូទៅនៃជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ។ បច្ចុប្បន្ន ជីវភាពកាបូនទាបបាននិងកំពុងក្លាយជាជីវភាពទាន់សម័យមួយរបស់មនុស្សយើង ពាក្យថា«ថ្ងៃនេះ តើអ្នកកាបូនទាបហើយឬនៅ?» ជាពាក្យសួរសុខទុក្ខបែបកំប្លែងតែបង្កប់ន័យអំពីជីវភាពកាបូនទាប ។ ជារួម មានតែការរួមចំណែករបស់យើងគ្រប់គ្នា ទើបអាចឱ្យទឹកដីកំណើតយើង និងភពផែនដីយើងរក្សាភាពស្រស់ប្រិមប្រិយជានិច្ច ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top