ព័ត៌មានជាតិ

អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី២៨ ការដាក់បញ្ចូល ក្រុមប្រាសាទអង្គរ ចូលជាសម្បត្តិ បេតិកភ័ណ្ឌ ពិភពលោក១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០

ក្រុមប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សុំឲ្យជួយស្រោចស្រង់ ការពារក្រុមប្រាសាទអង្គរ ។

ឆ្លើយតបនិងការអំពាវនាវ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយ បានប្រារព្ធធ្វើឡើងនៅទីក្រុង តូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធិសាស្រ្តនិងផែនការសកម្មភាពនានា ជាប្រយោជន៍ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា អាយសុីសុី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣ ។

កូនចៅប្រជានុរាស្រ្តទូទាំង ព្រះរាជាណាចក្រកម្ពុជា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវអំណរព្រះរាជគុណ និងមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក័្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាស្ថាបនាជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ បានត្រួសត្រាយផ្លូវដ៏សំខាន់ ក្នុងកិច្ចការពារលើកតម្កើងកត្តិនាម ដ៏ឧត្តុង្គឧត្តមនៃក្រុមប្រាសាទអង្គរ ការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីទុកជាសម្បត្តិដ៏មានតម្លៃ ពុំអាចកាត់ថ្លៃ បានជូនដល់កូនចៅជំនាន់ក្រោយ នៃប្រជាជាតិកម្ពុជា៕

ជយោ ! ព្រះរាជាណាចក្រកម្ពុជា

(ប្រភព៖ Royal Du Cambodge)

To Top