ព័ត៌មានអន្តរជាតិ

Moderna ចាប់ផ្តើមធ្វើការសិក្សាពី វ៉ាក់សាំងកូវីដសម្រាប់កុមារ

បរទេស៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ល្បី Moderna Inc បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានចាប់ផ្តើមធ្វើការសាកល្បង តំណាក់កាលពាក់កណ្តាល រហូតដល់តំណាក់កាល ចុងក្រោយនៃវ៉ាក់សាំង mRNA-1273 ហើយដែលនឹងអាច ប្រើប្រាស់សម្រាប់កុមារ គិតចាប់ពីអាយុ ៦ខែទៅដល់ ១២ឆ្នាំ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការធ្វើតេស្តនឹងត្រូវធ្វើឡើងដើម្បីពិនិត្យ និងវាស់វែងអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាចំពោះកុមារ ក្នុងក្រុមអាយុខាងលើនេះ ជាមួយនឹងវ៉ាក់សាំងក្នុងម្នាក់ចំនួន២ ដូសហើយមានរយៈពេលបន្តបន្ទាប់គ្នា ២៨ថ្ងៃ ហើយការចុះឈ្មោះធ្វើតេស្តដោយស្ម័គ្រចិត្ត នឹងធ្វើឡើងចំពោះកុមារចំនួន ៦ ៧៥០នាក់ នៅក្នុងប្រទេសអាមេរិកនិងកាណាដា។

គួរឲ្យដឹងដែរថាវ៉ាក់សាំងរបស់ Moderna គឺត្រូវបានអនុញ្ញាតិឲ្យធ្វើការ ប្រើប្រាស់ជាបន្ទាន់រួចទៅហើយ សម្រាប់ពលរដ្ឋអាមេរិកសម្រាប់ អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយការសិក្សាមួយដែល បានធ្វើឡើងកាលពីខែធ្នូដើម្បីអាចពិនិត្យថា តើវ៉ាក់សាំងនេះអាចប្រើប្រាស់ ចំពោះក្រុមមនុស្សក្នុងវ័យពី ១២ទៅ ១៨ឆ្នាំបានឬក៏យ៉ាងណា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top