ភ្នំពេញ ៖ ក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ បានឆ្លើយតបទៅក្រុមអង្គការ សង្គមស៊ីវិល ដែលអំពាវនាវ ឲ្យបង្កើនការយកចិត្តទុកដាក់ លើការរំលោភបំពានផ្លូវភេទ និងហិង្សា ក្នុងអំឡុង ពេលធ្វើចត្តាឡីស័ក និងនៅតំបន់បិទខ្ទប់ ។
កាលពីពេលថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវដល់អាជ្ញាធរ និងមន្ត្រី មានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ បង្កើន យកចិត្តទុកដាក់ ការពារ និងផ្សព្វផ្សាយលើកកម្ពស់ ការយល់ដឹងអំពីករណី នៃការរំលោភបំពានផ្លូវភេទ អំពើហិង្សាលើស្រ្តី កុមារ និងក្រុមអ្នកស្រលាញ់ភេទ ដូចគ្នា ដែលអាចកើតមានឡើង នៅក្នុងអំឡុងពេល នៃការធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ និងនៅតំបន់បិទខ្ទប់ ។
ក្នុងនោះ ក្រុមអង្ការសង្គមស៊ីវិល លើកឡើងថា “យើងខ្ញុំជាអង្គការ សង្គមស៊ីវិល មានក្តីបារម្ភ នៅពេលដែលប្រទេសកម្ពុជា រងនូវវិបត្តិនៃការឆ្លង រីករាលដាលយ៉ាងលឿន នៃជំងឺកូវីដ ១៩ ។ ប្រជាជនទាំងអស់ ត្រូវបានស្នើសុំឲ្យអនុវត្តវិធានការ “៣ការពារ ៣កុំ” និងព្យាយាមកុំចេញក្រៅផ្ទះ ប្រសិនបើគ្មាន ករណីចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ ១៩” ។
បន្ទាប់ពីមានការ អំពាវនាវយ៉ាងនេះ ក្រសួងកិច្ចការនារី បានបង្ហាញប្រកាសរួមមួយ ដោយភ្ជាប់មកថា “ប្រការទី១ ដកស្រង់ចេញពី ប្រកាសរួម ស្តីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ ការរាយ ការណ៍ ព័ត៌មាន អំពើហិង្សា លើស្រ្តី ។ ប្រកាសរួមនេះ បង្កើតឡើង ដោយ កិច្ចសហការ របស់ ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បានចុះហត្ថលេខា កាលថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០១៧ ។
ប្រកាស ផ្សេងទៀត នឹងមានផ្សព្វផ្សាយបន្ត ។ សូម ទាញយកប្រកាសរួម តាមកំណនេះ https://www.mowa.gov.kh/detail/1909 សូមអរគុណ!” ។
ខាងក្រោមនេះជា Link អត្ថបទ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបាន ផ្សព្វផ្សាយកាលពីថ្ងៃទី ១៩ មេសា ស្តីពី “ក្រុមអង្គការ សង្គមស៊ីវិល អំពាវនាវ ឲ្យបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ការរំលោភ បំពានផ្លូវភេទ និងអំពើហិង្សា ក្នុងអំឡុង ពេលធ្វើចត្តាឡីស័ក និងនៅតំបន់បិទខ្ទប់” https://dap-news.com/national/2021/04/19/137202/ ៕