ព្យុងយ៉ាង: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី៤ខែធ្នូ បានឲ្យដឹងថា លោក Ri Thae Song អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានទទូចដល់សហរដ្ឋអាមេរិកឱ្យ ចាប់ផ្តើមការសន្ទនាគ្នា ជាមួយនឹងក្រុងព្យុងយ៉ាងសាជាថ្មីឲ្យបាន មុនថ្ងៃផុតកំណត់ចុងឆ្នាំនេះ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ កណ្តាលកូរ៉េបានដកស្រង់សម្តីលោក Ri ដែលបានលើកឡើង បន្តទៀតថា ពេលវេលាផុតកំណត់ខិតជិតកាន់តែកៀកទៅនឹង ពេលវេលាកំណត់ចុងឆ្នាំ ដែលកូរ៉េខាងជើងបានកំណត់សម្រាប់ សហរដ្ឋអាមេរិកហើយ។
លោក Ri បាននិយាយថា ការសន្ទនាដែលអាមេរិក បានលើកឡើងកន្លងមកនោះគឺគ្មានអ្វីក្រៅពី ឧបាយកលដ៏ល្ងង់ខ្លៅមួយដើម្បីរក្សាកូរ៉េខាងជើងឱ្យមានការសន្ទនាគ្នា និងប្រើប្រាស់កិច្ចប្រជុំដើម្បីបំពេញចិត្តចំពោះ ស្ថានភាពនយោបាយ និងការបោះឆ្នោតនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចាថ្នាក់ការងារស្តីពី ការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េកាលពីដើមខែតុលា នៅទីក្រុងស្តុកខុម ប៉ុន្តែជាលទ្ធផលវាបានត្រឹមទទួលរងការបរាជ័យ រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕
ប្រែសម្រួល: ស៊ុន លី