ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា កំណត់យកកំពង់ផែជាទិសដៅ នៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ដឹកជញ្ជូន ទំនិញទៅកាន់ ទីផ្សារពិភពលោក

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា កំណត់យកកំពង់ផែជាទិសដៅ នៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូន ទំនិញទៅកាន់ ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និង ពិភពលោកទាំងមូល។

តាមរយៈ បណ្ដាញសង្គម ហ្វេសប៊ុក នាថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ ២០២១ ក្រសួង សាធារណការ បានបញ្ជាក់ថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹក របស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការ លើកដាក់ទំនិញ នៅកំពង់ផែក្រុងព្រះសីហនុកំពុងមានសកម្មភាព យ៉ាងមមាញឹកជាមួយនឹងបទ ពិសោធន៍ និងមានការទទួលខុសត្រូវ ខ្ពស់របស់កំពង់ផែ” ។

ក្រសួង បន្ត ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងជាតិមាតុភូមិ ដោយបានរួមចំណែករក្សាកំណើន សេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយចីរភាព ជាកំពង់ផែទឹកជ្រៅតែមួយ គត់របស់កម្ពុជា ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត បានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ មានទីតាំងអំណោយផលឋិត នៅក្នុងតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាននូវការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។ បរិមាណទំនិញឆ្លងកាត់ ឧបករណ៍លើកដាក់នៅក្នុង កំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់ សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូល របស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូល របស់ជាតិ មានការកើតឡើងជាលំដាប់។

ស្របពេលជាមួយគ្នានេះដែរ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំការ ពង្រីកកំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែ EDI (Electronic Data Intercharge) ដែលនឹងជួយ សម្រួលដល់នីតិវិធីផ្លូវ ការនៃនាវាចេញចូលកំពង់ផែកម្ពុជា ក្នុងគោលបំណងពន្លឿន នីតិវិធី និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតបទៅនឹងកំណើន វិនិយោគពីបរទេស ជាពិសេស សំដៅធ្វើ ឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយ ប្រកបដោយការ ប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យ ភស្តុភារកម្ម និងការដឹកជញ្ជូន។

ជាងនេះទៅទៀត កម្ពុជាគ្រោងនឹងពង្រីក សមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈ ការកសាងចំណតផែកុងតឺន័រថ្មីមួយ ជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូល ចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០.០០០តោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតប ទៅនឹងការកើនឡើង នៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ៕

To Top