ព័ត៌មានជាតិ

សៀវភៅ “រាជរដ្ឋាភិបាលកម្ពុជា – សង្រ្កាម​ដណ្តើម​ជីវិត​ពលរដ្ឋ​ពី​​​មាត់​​ជ្រោះ​មរណៈ កូវីដ-១៩” ត្រូវបានចេញផ្សាយ

            លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ ​នៅ​ចុង​សប្តាហ៍​​នេះ ​បាន​ចេញ​ផ្សាយ​សៀវភៅថ្មីទៀតរបស់លោក ដែល​លោក​ចាត់ទុកថា ជា​កំណត់​ត្រាប្រវត្តិ​សាស្រ្តមនុស្សជាតិ និង​ដ៏​កម្រ​មួយ​ដែល​មាន​សារ​​ប្រយោជន៍សម្រាប់ទាំង​អ្នក​ជំនាន់​ចាស់​និងជំនាន់ថ្មី។
            សៀវ​ភៅមានកម្រាស់ប្រមាណជា៩០០ទំព័រ ដែលមានចំណងជើងថា “រាជ​រដ្ឋាភិ​បាល​កម្ពុជា – សង្រ្កាម​ដណ្តើម​ជីវិត​ពលរដ្ឋ​ពី​​​មាត់​​ជ្រោះ​មរណៈ កូវីដ-១៩” បានពិពណ៌នា​ពីការចាប់​ផ្តើម​​​ដំបូង​វីរុសកូវីដ-១៩ នាចុងខែ​ធ្នូ ឆ្នាំ២០១៩។      
            លោក ឆាយ សុផល ដែល​ជាសាស្រ្តាចារ្យព័ត៌មានដែរនោះបាននិយាយថា ដោយ​​សារ​​តែ​ព្រឹត្តិការណ៍កើតមានច្រើនជាបន្តបន្ទាប់ លោកក៏​បានសម្រេចចេញភាគ១សិន ដែល​ផ្តោត​​លើ​ព្រឹត្តិ​ការណ៍​​ចាប់​ពី​ចុងខែឆ្នូ ឆ្នាំ២០១៩ មកដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ជា​ថ្ងៃ​ដំបូង​នៃ​ការ​​​បើក​យុទ្ធ​នា​ការ​​ចាក់​​​វ៉ាក់​សាំង​បង្ការ​ជំងឺកូវី-១៩ដល់កុមារនិងយុវវ័យអាយុ​ចន្លោះ​ពី​១២​ឆ្នាំ​ដល់​​ក្រោម​១៨​ឆ្នាំ។
            នៅ​លើទំព័រអារម្ភកថានៃសៀវភៅ អ្នកនិពន្ធ បានសរសេរថា “​នៅក្នុង​កំណត់​​ត្រានេះ ខ្ញុំបានឆ្លៀតពេលពីការងារស្នូល ដើម្បីតាមដាន អាន ប្រមូល និងសន្សំ​​​ឯក​សារជារៀងរាល់ថ្ងៃ ដែលក្នុងនោះមានសម្រង់សម្ដី សុន្ទរកថា សុន្ទរកថាគន្លឹះ សេចក្តី​សម្រេច សេចក្តីណែនាំ សេចក្តីអំពាវនាវ សេចក្តីថ្លែងការណ៍ សេចក្តីថ្លែង​ការណ៍​ពិ​សេស ប្រកាស សេចក្តីប្រកាស សេចក្តីប្រកាសព័ត៌មាន សេចក្តីជូនព័ត៌មាន លិ​ខិ​ត​​​​​ជូនដំណឹង លិខិតគោរពជូន លិខិត​​ជម្រាប​ជូន លិខិតជម្រាបមក សារ​ទាំង​ជា​អក្សរ​និង​ជា​សំឡេង សារលិខិត លិខិ​ត​​​ស្រាយបំភ្លឺ សារាចរណែនាំ វិធានការ របាយការណ៍ ច្បាប់ អនុ​ក្រឹត្យ គោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) និង អត្ថបទ​ព័ត៌​មានជាដើម…..ដើម្បី​ចងជាបណ្តុំ ផ្សំ​ផ្គុំជាឯកសារជំនួយស្មារតី សម្រាប់អ្នក​សិក្សា​ស្រាវ​​​ជ្រាវ​​ជំនាន់ចាស់ថ្មីទាក់​ទិននឹងជំងឺកូវីដ-១៩នៅកម្ពុជា”។
            ទន្ទឹមនឹងនោះ សៀវភៅក៏បានផ្តោតលើការខិតខំប្រឹងប្រឹងប្រែងរបស់ សម្តេចអគ្គតេជោ ហ៊ុន សែន ប្រមុខ​​រាជរដ្ឋាភិបាលកម្ពុជា ដែល​​បានប្រឹងប្រែង​ស្វះ​ស្វែង​រក​វ៉ាក់​សាំង​បង្ការ​​ជំងឺ​កូវីដ-​១៩ គ្រប់​ច្រក​ល្ហក យកមកចាក់ជូន​ប្រជា​​ជន​កម្ពុជា​​​រាប់​លាន​​នាក់​​នៅ​ទូទាំ​ងប្រទេស ​រួម​ទាំង​ជន​​បរទេស​​ដែល​រស់​នៅ និង​ធ្វើការ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​​ផង​​ដោយ​​​​ឥត​គិតថ្លៃ ហើយថា “ប្រសិន​បើ​គ្មាន​​​​វ៉ាក់​​សាំង​បង្ការ​ជំងឺ​កូវីដ-១៩​​​ចាក់​បាន​ទាន់​​ពេលវេលា ហើយបើ សម្តេចតេជោ មិន​មាន​យុទ្ធ​សាស្រ្ត​​​ត្រៀម​ប្រយុទ្ធ ដើម្បី​​​ទប់ទល់​នឹងជំងឺនេះ​ទុក​ជា​​មុន​ទេ នោះ​​អន្តរាយ​ដ៏​ធំអាច​កើត​មាន​សម្រាប់​​ប្រទេស​ជាតិ​ និង​​ប្រជា​​ជន​កម្ពុជា” ដែលប្រៀបបាននឹងសង្រ្កាម​ដណ្តើម​ជីវិត​ពលរដ្ឋ​ពី​​មាត់​​ជ្រោះ​មរណៈ។            
            បើ​តាមការអះអាងរបស់លោក ឆាយ សុផល សៀវភៅភាគ២ ដែលបន្តចាប់ពីថ្ងៃទី១ ខែ​សីហា ឆ្នាំ២០២១ ទៅ បានដំណើរហើយ ហើយ​គិត​ត្រឹម​ចុងខែសីហា​នេះ​គឺ​បាន​ជាង​១០០​ទំព័រ​រួចទៅ​ហើយ។
            លោក សុផល និយាយបែបកំប្លែងថា “តាម​ពិត ទម្រាំ​បាន​សៀវ​ភៅ​មួយ​ច្បាប់ៗ​គឺ​ហត់​ណាស់ ពេល​​ខ្លះ​​ស្រ្តេស្ត ហើយយប់ខ្លះ ខួរក្បាលអៀរឺ (ច្របូកច្របល់) ដេក​អត់លក់​ខុស​ពី​អ្នក​លក់​អត់​​ដេក (អ្នក​លក់ដូរពេលយប់)។ ​បើ​គ្មាន​ការ​ព្យា​យាម និងមិនអត់ធ្មត់ទេ នោះអំបិលជាគ្នា។ កាន់​តែ​លំបាក និងការប្រយ័ត្នប្រយែងបំផុត​គឺ​ការ​សរសេរ និងការចង​ក្រងសៀវភៅ ​ឯកសារ ក៏ដូចជា​កំណត់​ត្រា​​​បែប​ប្រវត្តិសាស្រ្ត ដែល​ផ្ទុយ​ស្រឡះ​​ពី​សំណេរ​​បែបអក្សរសិល្ប៍ មាន​ដូច​ជា​ប្រលោម​លោក កំណាព្យ និងចម្រៀងជាដើម ព្រោះ​​​​បែប​ប្រវត្តិសាស្រ្ត​ទាម​ទារ​បង្ហាញគន្ថនិទ្ទេស ឈ្មោះ​និង​​កាលបរិច្ឆេទ​ព្រឹត្តិ​ការណ៍​ឱ្យបាន​ច្បាស់​លាស់​ ពោលគឺ​ត្រូវ​ផ្ទៀង​ផ្ទាត់​ប្រភពឱ្យបាន​ជាក់​លាក់។​ នេះ​មិនទាន់គិតពីការប្រើប្រាស់ពាក្យ ប្រយោគ ឃ្លាឃ្លោង និងអក្ខរាវិរុទ្ធផង”។            ​  
            អ្នក​​និពន្ធសៀវភៅរូបនេះបន្តថា “ខ្ញុំ​ខ្លាច​គេ​ឯង​ពិបាក​រក​ឯក​សារ​នៅ​ថ្ងៃ​ក្រោយ។ ហេតុ​នេះ ខ្ញុំ​ចេះតែអង្គុយសំកុកតាមដានព្រឹត្តិការណ៍ និង​ចង​ក្រង​ដាក់​ក្នុង​មួយ​សៀវ​ភៅ​ទៅ ហើយ​ថ្ងៃ​ក្រោយ បើ​មាន​នរណា​ចង់​រម្លឹក និង​ចង់​ដឹង​ពី​ហេតុការណ៍​នា​នាដែលកើតមាននៅ​ក្នុង​កាលៈ​នៃ​ការ​​រាត​ត្បាត​មេរោគកូវីដ-១៩ នោះគេនឹងនឹកឃើញ និងដឹងថា តើប្រជាជន និង​ប្រទេស​ពើប​ប្រទះ​​​ក្តី​​លំបាកយ៉ាងណា ហើយ​​ថ្នាក់​ដឹក​នាំ​ប្រទេស រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​​ប្រឹង​ប្រែង​របៀប​ម៉េចនៅចំពោះមុខកលិយុគនេះ ខណៈ​ដែល​ដៃ​ម្ខាងរបស់​រាជរដ្ឋាភិបាល​ប្រឹង​ថែ​រក្សា​សន្តិ​ភាព និង​អភិវឌ្ឍប្រទេស ខណៈដៃម្ខាងទៀតទប់ទល់នឹងកូវីដ-១៩​ដើម្បីសង្រ្គោះជីវិត​ពល​រដ្ឋ។ នេះ​​មិន​​ទាន់​គិត​ពី​ក្រុម​បំពុល​សង្គម បង្កើត​ព័ត៌មាន​ក្លែងក្លាយ ប្រតិដ្ឋរឿងមិន​ពិត​ក្នុង​ចេត​នា​ស្មោក​​​​​គ្រោក​​​ផង”។  
            លោក ឆាយ សុផល បានថ្លៃងអំណរគុណ​ចំពោះឯកឧត្តម ឃួង ស្រេង អភិ​បាល​នៃ​គណៈ​​អភិបាល​រាជធានីភ្នំពេញ និង​អ្នក​​​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​បាន​រួម​គ្នា​ជួយ​ឱ្យ​សៀវ​ភៅ​នេះ​មាន​ជារូបរាងឡើង  ហើយថា ​សៀវភៅ​នេះ​នឹង​ចែក​ជូនទៅ​បណ្ណាល័យជាតិ និង​បណ្ណា​ល័យ​​​​​​​សាកល​វិទ្យាល័យនានា​នៅទូទាំងប្រទេស ហើយ​ក៏​មាន​ដាក់​នៅ​តាម​បណ្ណាគារខ្លះដែរ។            
            លោក សុផល ក៏បានអំពាវនាវដែរថា “សូមពលរដ្ឋ ជាពិសេសយុវវ័យ និង​យុវជន​ត្រូវ​ឆ្លៀត​​​ពេល​អាន​​​សៀវ​ភៅឱ្យបានច្រើន។ ​​ដំបូង អានសៀវភៅ​ដែលជាចំណង់និងពាក់ព័ន្ធ​ជំនាញ​របស់ខ្លួន ហើយ​​​បន្ទាប់​​មក ​​អាន​សៀវភៅផ្សេងៗដែលខ្លួនគិតថាពេញចិត្ត ព្រោះជាជម្រើស។ អាន​​ច្រើន​កើន​គំនិត ការគិតកាន់តែទូលាយ ការវិភាគកាន់តែស៊ីជម្រៅ ហើយ​ការ​សម្រេច​ចិត្ត​កាន់​តែ​ត្រឹម​ត្រូវ ដោយ​កុំ​វាយ​តម្លៃ​សៀវភៅ​ តែលើក្របមុខក្រោយ។ ទន្ទឹមនឹងនោះ សូម​ឪពុក​ម្តាយ​និង​អាណា​​ព្យាបាលគួររៀបចំបណ្ណាល័យតូចមួយនៅផ្ទះសម្រាប់គ្រួសារ ហើយ​ឧស្សាហ៍​ទិញ​សៀវ​ភៅ​ឱ្យ​កូនអាន ជាជាងទិញគ្រៀងស្រវឹងផឹកខ្លួនឯងឥតអសារ។ ខ្ញុំមិនឃាត់រឿងផឹកទេ នោះ​ជា​សិទ្ធិ តែកុំភ្លេចទិញសៀវភៅអាន​ឱ្យកូន និងជំរុញកូនៗឱ្យប្រឹងរៀនសូត្រផង ហើយ​ពេល​នេះ សូមកុំភ្លេច ៣កុំ ៣ការពារ”។ 

To Top