បរទេស៖របបយោធាមីយ៉ានម៉ា នៅពេលថ្មីៗនេះ បានយល់ព្រមនឹងសំណើអាស៊ានដែលសុំឲ្យមានបទឈប់បាញ់គ្នាមួយ រហូតដល់ផុតឆ្នាំនេះ ដើម្បីធានាដល់ការបែងចែកផ្តល់ជំនួយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីកាសែតជប៉ុន ក្យូដូ ដែលដកស្រង់សម្តីប្រេសិតសមាគមអាស៊ានប្រចាំនៅប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនេះ។
ក្រោយរដ្ឋប្រហារនៅក្នុងខែកុម្ភៈ សមាគមអាស៊ាន បានប្រឹងប្រែងព្យាយាមបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ានម៉ា ជាទីដែលមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ និងបានបើកកិច្ចពិភាក្សាគ្នាមួយ រវាងថ្នាក់ដឹកនាំរបបយោធានិងក្រុមប្រឆាំង។
ប្រេសិតសមាគមអាស៊ាន លោក Erywan Yusof បានដាក់សំណើឲ្យមានបទឈប់បាញ់គ្នា នៅក្នុងជំនួបតាមវីដេអូខលមួយ ជាមួយរដ្ឋមន្ត្រីការបរទេស លោក Wunna Maung Lwin ហើយយោធាមីយ៉ានម៉ា បានទទួលតាមសំណើនោះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Jakarta Post លោក Erywan Yusof បានមានប្រសាសន៍យ៉ាងដូច្នេះថា “នេះមិនមែនបទឈប់បាញ់គ្នាតាមបែបនយោបាយនោះទេ គឺនេះជាបទឈប់បាញ់គ្នា ដើម្បីធានាដល់សុវត្ថិភាពនិងសន្តិសុខ ចំពោះក្រុមការងារផ្តល់ជំនួយមនុស្សធម៌ ក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេ ក្នុងការផ្តល់ជំនួយបានយ៉ាងមានសុវត្ថិភាព”៕ប្រែសម្រួល៖ប៉ាង កុង