បរទេស៖ លោក Thamanat Prompow ដែលជាអគ្គលេខាធិការនៃគណបក្ស Palang Pracharath ដែលជាសម្ព័ន្ធស្នូលត្រូវបានបណ្តេញចេញពីតំណែងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោកស្រី Narumon Pinyosinwat ដែលមកពីគណបក្សតែមួយ ក៏បានបាត់បង់ការងារជាអនុរដ្ឋមន្ត្រីក្រសួងការងារ ផងដែរ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Royal Gazette កាលពីថ្ងៃព្រហស្បតិ៍ បានចេញផ្សាយព្រះរាជក្រឹត្យដកពួកគេទាំងពីរចេញពីតំណែងក្នុងជួររដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី។
ព្រះរាជក្រឹត្យត្រូវបានចេញកាលពីថ្ងៃពុធ បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីបាននិយាយថា វានឹងសមស្របប្រសិនបើរដ្ឋមន្ត្រីមួយចំនួនត្រូវបានដកចេញ ដើម្បីជាប្រយោជន៍ដល់រដ្ឋាភិបាល។
នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បានឆ្លើយសំណួរខ្លីៗដោយប្រាប់អ្នកយកព័ត៌មានថា គាត់មានហេតុផលផ្ទាល់ខ្លួនចំពោះការផ្លាស់ប្តូរ។
ចំណែកនៅឯសភា លោក Thamanat បានប្រាប់អ្នកយកព័ត៌មានថា លោកបានចុះហត្ថលេខាលើលិខិតលាលែងពីតំណែងពីរដ្ឋាភិបាលកាលពីថ្ងៃពុធ ដោយសារគាត់មិនអាចដើរផ្លូវតែមួយជាមួយនាយករដ្ឋមន្ត្រី ហើយរដ្ឋបាលជាតិមិនបានដំណើរការដូចការរំពឹងទុក៕
ប្រែសម្រួលៈ ណៃ តុលា