ព័ត៌មានជាតិ

សម្តេចតេជោ ៖ មាន EBA ឬអត់ មិនសំខាន់ឡើយ តែសំខាន់អ្នកបញ្ជាទិញ កំពុងសម្រុកទិញ ពីកម្ពុជាច្រើនពេលនេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាអត់ ឬមានការអនុគ្រោះពន្ធ ក្នុងការនាំចូលទំនិញចូល ទីផ្សារអឺរ៉ុប លើកលែងសព្វាវុធ (EBA) មិនសំខាន់ សម្រាប់កម្ពុជានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺអ្នកបញ្ជាទិញទំនិញពីកម្ពុជា មានចំនួនច្រើន ។

ក្នុងសន្និសីទសារព័ត៌មាន ពីការបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនកុមារអាយុ៦ដល់១២ឆ្នាំ នាព្រឹកថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ បានលើកឡើងថា ឥឡូវនេះ វិស័យកសិកម្ម បានធ្វើលើសផែនការ កំណត់បានជិត១១០ភាគរយ ដោយស្រូវដើម រដូវបានធ្វើការច្រូតកាត់ ជាង២លានតោន ហើយស្រូវវស្សាធ្វើលើសផែនការ ជិត៣លានហិកតា ទៅហើយ ។

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា រោងចក្រដែលជាវិស័យឧស្សាហកម្ម បានដំណើរការធម្មតា ដោយរោង ចក្រដេរ ម៉ាស់ឲ្យកងទ័ព នគរបាល ដើម្បីសមស្របជាមួយសម្លៀក បំពាក់ចំនួន៤នោះ ត្រូវបានគេបង្វិលចំនួន២រោងចក្រ ទៅដេរខោអាវវិញ សម្រាប់ការនាំ ចេញទៅក្រៅប្រទេស ។

សម្តេចបញ្ជាក់ថា «កម្ពុជាមានការបញ្ជាទិញយ៉ាងច្រើន ចំពោះរឿង មាន EBA ឬមិនមានEBA មិនសំខាន់ទេ សម្រាប់កម្ពុជា ! កម្ពុជានាំចេញ «…»ឥឡូវមិនមានបិទរោងចក្រ អារោងចក្របើកថ្មី វាកាន់តែច្រើនទៀត ពីព្រោះប្រទេសប្រេស៊ីល មីយ៉ាន់ម៉ា បង់ក្លាដេស មិនអាចផ្គត់ផ្គង់បាន ហើយពេលនេះបានប៉ះពាល់ដល់វៀតណាម ក៏ផ្គត់ផ្គង់មិនបាន»

សម្តេចក៏បានអះអាងថា ពេលនេះដោយសារមានតម្រូវការ ហើយបណ្តាប្រទេសមួយចំនួនដែលធ្លាប់ផ្គត់ផ្គង ឲ្យមិនបានផ្គង់ផ្គង ដោយសារមានបញ្ហានោះ ធ្វើឲ្យអ្នកបញ្ជាទិញបានសម្រុកមកទិញទំនិញសម្លៀកបំពាក់ពីកម្ពុជា ដោយសារគេគិតថា កម្ពុជាសុវត្ថិភាពជាង ។

យ៉ាងណាក្តី សម្តេចក៏បានលើកឡើងថា កម្ពុជាក៏មានការខកខាន គឺសេវាទេសចរណ៍ទាំងផ្ទៃក្នុងនិងខាងក្រៅតែម្តង ក្នុងនោះមានទាំងសេវាភោជនីយដ្ឋាន ទាំងហាងការហ្វេ «…»។ កាលណាសេវាអស់នឹងបើកនោះ មនុស្សនឹងមានកន្លែងធ្វើ អីចឹងយើងដោះស្រាយ បានមនុស្សធ្វើការច្រើន ។

សម្តេចតេជោបានគូសបញ្ជាក់ទៀតថា ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយសារវិស័យសេវាកម្ម នាំមុខគេទាំងអស់ ក្នុងនោះ អាមេរិក បារាំង អាម្លឺម៉ង់ ជប៉ុន … កសិកម្មប៉ុន្មានភាគរយ? គេមានសេវាកម្មទទួលបានប្រាក់ចំណូលធំ ៕

To Top