ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានស្នើប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត កោះហៅ និងការចូលរួមរបស់នគរបាលយុត្តិធម៌ នៅក្នុងនីតិវិធីនៃការស៊ើបសួរ និងការជំនុំជម្រះសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
យោងតាមលិខិតរបស់ក្រសួងយុត្តិធម៌ នាថ្ងៃទី២៥ តុលា លោក កើត រិទ្ធ បានឲ្យដឹងថា រយៈពេលកន្លងមកនេះ ជាពិសេស នៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានីខេត្ត ក្រសួងយុត្តិធម៌ បានពិនិត្យឃើញថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ទាំងអស់បានខិតខំប្រឹងប្រែងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលក្នុងនោះភាគច្រើនជាសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បានយ៉ាងឆាប់រហ័ស និងជាច្រើនករណស្របតាមនីតិវិធីនៃច្បាប់ជាធរមាន។
លោក បានបញ្ជាក់ថា «ប៉ុន្តែទន្ទឹមនេះក្រសួងយុត្តិធម៌ ក៏បានពិនិត្យឃើញផងដែរថា ការកោះហៅឱ្យចូលរួម និងការស្តាប់ចម្លើយមន្ត្រីនគរបាល ឬភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងឋានៈជាសាក្សី នៅក្នុងនីតិវិធីស៊ើបសួរ និងការជំនុំជម្រះរបស់តុលាការនៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមួយចំនួន នៅមិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ដែលមានចែងក្នុងមាត្រា ៧៤ កថាខ័ណ្ឌទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនថា ក្នុងនីតិវិធីនៃការស៊ើបសួរ និងការជំនុំជម្រះ, តុលាការត្រូវកោះហៅ និងស្តាប់ចម្លើយមន្ត្រីនគរបាល ឬភ្នាក់ងារនគរបាលយុត្តិធម៌ ដែលបានចូលរួមក្នុងការ ស៊ើបអង្កេត និងស៊ើបសួរ ក្នុងឋានៈជាសាក្សីនៅឡើយ»។
លោករដ្ឋមន្រ្តី ក៏បានចាត់ទុកថា វត្តមានចូលរួមរបស់នគរបាលយុត្តិធម៌ ក្នុងឋានៈជាសាក្សី នៅក្នុងដំណើរការនីតិវិធីរបស់តុលាការចំពោះចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន តាមមាត្រា៧៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន គឺមិនត្រឹមតែជាការបំពេញនូវលក្ខខណ្ឌផ្នែកនីតីវិធីដែលកំណត់ដោយច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ និងមានភាពចាំបាច់ក្នុងការធានាសុក្រឹតភាពនៃការស្វែងរកការពិត,ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ក៏ដូចជាធានាបាននូវចំណាត់ការរឿងក្តីប្រកបដោយភាពត្រឹមត្រូវស្របតាមច្បាប់៕