នយោបាយ

គម្រោង សហហិរញ្ញប្បទាន របស់ EU គាំទ្រដល់សង្គមស៊ីវិល នៅកម្ពុជា ដាក់ឲ្យដំណើរការ

ភ្នំពេញ ៖ លោក នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) រួមជាមួយ លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា និង លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានប្រកាសបើកដំណើរការ គម្រោងសហហិរញ្ញប្បទាន របស់ EU ជាផ្លូវការ ដើម្បីជួយគាំទ្រដល់សង្គមស៊ីវិល នៅក្នុងរាជធានីភ្នំពេញ និងខេត្ត ចំនួន១៥ នៅក្នុងប្រទេសកម្ពុជា ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ EU នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា មានប្រសាសន៍ថា «យើងគាំទ្រ អង្គការ គ.ស.ក ក្នុងការដើរតួនាទីយ៉ាងសំខាន់ របស់ខ្លួនជាអង្គការ ដែលសម្របសម្រួល ភ្ជាប់ រវាងអង្គការសង្គម ស៊ីវិល និងរាជរដ្ឋាភិបាល ហើយក៏ស្វាគមន៍ ចំពោះកិច្ចខិត ខំប្រឹងប្រែង ដែលមិនចេះរីងស្ងួត របស់អង្គការសមាជិកទាំងអស់ ដែលជាបណ្តាញរបស់អង្គការ គ.ស.ក នៅក្នុងការលើក កម្ពស់សង្គមដ៏រឹងមាំ និងពហុនិយមនៅក្នុងប្រទេសកម្ពុជា»។

ដោយឡែក លោក នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រឹងភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល តាមរយៈកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោកស្រី ស៊ិន ពុទ្ធារី នាយិកា ប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានមានប្រសាសន៍ថា «កិច្ចសន្ទនាក្នុងភាពជាដៃគូ រវាងសង្គមស៊ីវិល រាជរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍ គឺជាធាតុស្នូល នៃគម្រោង ដែលនេះគឺជាការផ្តួចផ្តើម ជាពិសេសដោយមិនទុកនរណាម្នាក់ ឱ្យនៅក្រៅរបៀបវារៈនៃការអភិវឌ្ឍ» ។

សូមបញ្ជាក់ថា គម្រោង ការពង្រឹងសង្គមស៊ីវិល ដើម្បីការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងប្រជាធិបតេយ្យ សម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី២ ដែលមានរយៈពេល ៣០ ខែនេះ គឺជាគម្រោង សហហិរញ្ញប្បទាន ពីសហភាពអឺរ៉ុប (EU) និង អង្គការ Bread for the World (BfdW) ហើយនឹងអនុវត្ត ដោយអង្គការគណៈកម្មាធិការ សហប្រតិបត្តិការ ដើម្បីកម្ពុជា (គ.ស.ក) ក្នុងគោលបំណង ដើម្បីផ្តល់សិទ្ធិអំណាច បង្កើតបរិយាកាស អំណោយផល និងលំហប្រជាធិបតេយ្យ សម្រាប់អង្គការសង្គមស៊ីវិល ៕

To Top