ព័ត៌មានអន្តរជាតិ

ក្រុងសេអ៊ូល៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងពីរគ្រាប់

បរទេស៖ យោធារបស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង នៅរសៀលថ្ងៃសុក្រនេះ បានបាញ់តេស្តសាកល្បង អាវុធចំនួនពីរ ដែលត្រូវគេប៉ាន់ស្មានថា ជាមីស៊ីលផ្លោងវាយប្រហារក្នុងរយៈចម្ងាយខ្លី ហើយនេះគឺជាការបាញ់ តេស្តមីស៊ីលលើកទី៣ ក្នុងរយៈពេល ១០ថ្ងៃ។

ក្នុងសារអក្សរផ្ញើឲ្យអ្នកសារព័ត៌មាន អគ្គសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា មីស៊ីលនោះ គឺត្រូវបានបាញ់ចេញពីខេត្ត North Pyongan ស្ថិតនៅភាគពាយព្យកូរ៉េខាងជើង និងហោះឆ្ពោះទៅទិសខាងកើត បានចម្ងាយប្រមាណ ២៦៧ម៉ាយ ក្នុងរយៈកម្ពស់២២ម៉ាយ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា អគ្គេសេនាធិការចម្រុះកូរ៉េខាងត្បូង បានចាប់សញ្ញាមីស៊ីលមួយនៅម៉ោង ២និង៤១នាទីរសៀល និងមួយទៀតនៅម៉ោង ២និង៥២រសៀល។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខ របស់ប្រទេសកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំបន្ទាន់មួយ និងបានបង្ហាញនូវការសោកស្តាយ ជុំវិញការបាញ់តេស្តសាកល្បង មីញស៊ីលម្តងហើយម្តងទៀត របស់ប្រទេសកូរ៉េខាងជើង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top