ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ ចុះហត្ថលេខារួមគ្នាលើ “លក្ខខណ្ឌស្តីពី កិច្ចសហប្រតិបត្តិការ” រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ (Video)

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ កងទ័ពជើងគោកនៃ កងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការរយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងបន្ទាប់ពី នាយឧត្តមសេនីយ៍ បានចូលកាន់តំណែង។ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានសម្តែងមោទនភាព ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជា អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍរីកចម្រើនរួមគ្នា ទាំងក្នុងពេលបច្ចុប្បន្ន និងសក្តានុពលបន្តទៅមុខ ជាពិសេសកិច្ចខិតខំប្រឹងប្រែងជួយគ្នា និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងពេលជួបគ្រោះយថាហេតុផ្សេងៗ ដូចជា៖ កិច្ចសហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម។

ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ថៃ ដែលបានដំណើរការ បោះជំហានរីកចម្រើនទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើន ទាំងនៅក្នុងក្របខ័ណ្ឌជារួម និងក្នុងកម្រិតកងទ័ពជើងគោក ជាអាទិ៍ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការអនុវត្តលំហាត់ហ្វឹកហ្វឺន និងការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ក៏ដូចជាការរក្សាបានទំនាក់ទំនង ការងារជាប់ជាប្រចាំរវាងបណ្តា អង្គភាពសំខាន់ៗចំណុះ កងទ័ពជើងគោកទាំងពីរ ដែលនៅឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីបន្តរួមគ្នាសហការ អនុវត្តតាមបទបញ្ជា និងទិសដៅរបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងការទប់ស្កាត់បង្ក្រាប បទល្មើសឆ្លងដែននានា។

ទន្ទឹមគ្នានេះ កងទ័ពជើងគោកនៃប្រទេសទាំងពីរ បានប្តេជ្ញាខិតខំចូលរួមចំណែកក្នុងការកសាង និង ពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយឈរលើស្មារតីអត់ធ្មត់ និងសម្របសម្រួលដោះស្រាយ បញ្ហាតាមយន្តការគ្រប់កម្រិត ក្នុងគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីទៅវិញទៅមក។ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កនូវលក្ខណៈអំណោយ ផលដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតឱកាសការងារ និងការលើកកម្ពស់ជីវភាព របស់ប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ គ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខសាកល និងតំបន់ ដែលកំពុងកើតមានឡើង និងបានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីបន្ត ចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក្រោមធ្លុងសាមគ្គីភាព នៃកងទ័ពជើងគោក បណ្តាប្រទេសសមាជិកអាស៊ាន។

លោក អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលថៃ ចំពោះការគាំទ្រលទ្ធផល ដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមភាពជាប្រធានអាស៊ានឆ្នាំ២០២២ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណង ដើម្បីចូលរួមចំណែកបញ្ចៀសអំពើហិង្សា សង្គ្រាមស៊ីវិល និងវិបត្តិមនុស្សធម៌ ក៏ដូចជាដើម្បីធ្វើយ៉ាងណារកមធ្យោបាយ ធ្វើឱ្យអាស៊ានអាចរក្សា បាននូវមជ្ឈិមភាពរបស់ខ្លួន និងអាចពង្រឹងសាមគ្គីភាពល្អឡើងវិញ ដោយឈរលើគោលការណ៍នានា ដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន ជាអាទិ៍ការគោរពអធិបតេយ្យ ការមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង និងគោលការណ៍កុងសង់ស៊ីស។

ជាលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីនេះ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ថៃ បានសម្រេចចុះហត្ថលេខារួមគ្នាលើ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (Terms of Reference – ToR) រវាងកងទ័ពជើងគោកនៃ កងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកភូមិន្ទថៃ” ក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីក នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការជំរុញឱ្យមានកិច្ចពិភាក្សា ដោយបើកចំហលើប្រធានបទ ដែលផ្តល់ផលប្រយោជន៍រួម។ ឯកសារនេះ គឺជាមូលដ្ឋានមួយដ៏សំខាន់ នៅក្នុងការត្រួសត្រាយផ្លូវ ដើម្បីឈានទៅលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោក នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឱ្យមានកម្រិតកាន់តែ ខ្ពស់ឡើងបន្ថែមទៀត ហើយព្រឹត្តិការណ៍នេះ អាចចាត់ទុកថា ជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកិច្ចទំនាក់ទំនង រវាងកងទ័ពជើងគោកទាំងពីរ ផងដែរ៕

To Top