ព័ត៌មានជាតិ

កាណាដា អាចផ្តល់ប្រឹក្សាឲ្យកម្ពុជាបាន ចំពោះជំនាញបច្ចេកទេស កសាងហេដ្ឋារចនាសម្ព័ន្ធ មិនឲ្យបរិស្ថានរងផលប៉ះពាល់

ភ្នំពេញ ៖ លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា បានថ្លែងថា កាណាដា មានជំនាញបច្ចេកទេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ មិនធ្វើឲ្យបរិស្ថានរង ផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចផ្តល់ប្រឹក្សាឲ្យកម្ពុជាបាន។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Sarah Taylor នាថ្ងៃទី១០ កុម្ភៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្វាគមន៍ចំពោះការគាំទ្រ ទាំងឡាយលើការកសាងសមត្ថភាព និងការអភិវឌ្ឍនធនធានមនុស្ស ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឲ្យកាន់តែរីក ចម្រើនថែមទៀត ។ លោកបានស្នើឲ្យ លោកស្រីឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាពទាក់ទងនឹងការគាំទ្រវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់ការបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសដល់កូនខ្មែរ ឲ្យមានសមត្ថភាពខ្លាំងពូកែ និងតម្រូវការគ្រឿងចក្រ Stabilizer សម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូត បានឲ្យដឹងថា កាណាដា មានជំនាញបច្ចេកទេសគ្រប់គ្រាន់ ដែលអាចផ្ដល់ជាវគ្គបណ្ដុះបណ្ដាល សម្រាប់ការកសាងហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ដែលមិនបង្ក ផលប៉ះពាល់ដល់បរិស្ថាន (Clean Technology) និងបានស្នើឲ្យក្រសួង កំណត់វិស័យនានា ដែលជាតម្រូវការចាំបាច់ និងអាទិភាពរបស់ខ្លួនសម្រាប់ការបណ្ដុះបណ្ដាលទាំងនោះ។

លោកបញ្ជាក់ថា «កាណាដាមានជំនាញបច្ចេកទេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដោយមិនធ្វើឲ្យបរិស្ថានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចផ្តល់ប្រឹក្សាឲ្យកម្ពុជាបាន ហើយកំពុងស្វែង រកដៃគូនៅក្នុងស្រុក ជាពិសេសសាកលវិទ្យានានា ដើម្បីសហការរួមគ្នា អភិវឌ្ឍកម្មវិធីសិក្សាសម្រាប់សិស្ស-និស្សិតកម្ពុជាផងដែរ»។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពជូន លោកស្រី អំពីគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ក្នុងនោះរួមមាន៖ ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍នៅភ្នំពេញ និងស្នើកាណាដាជួយពិនិត្យឡើងវិញ លើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងទាំងនេះ ៕

To Top