ភ្នំពេញ៖ លោក ង្វៀន ហ៊ុយថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋ សង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ទសវត្សរ៍នេះ ពិសេស២ឆ្នាំចុងក្រោយនេះកម្ពុជា អាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ បានយ៉ាងល្អ រក្សាបាននូវសេដ្ឋកិច្ចជាតិល្អ ប្រជាជនមានជីវភាពល្អប្រសើរ។
លោក ង្វៀន ហ៊ុយថាំង បានកោតសរសើរបែបនេះ ខណៈដែលលោក បានជួបសម្ដែងការគួរសម ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។
លោកទូត បានលើកឡើងថា រាជធានីភ្នំពេញ ក្នុងរយៈពេល៤ទសវត្សរ៍នេះ ពិតជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបពី ៤០ឆ្នាំមុន គឺដូចមេឃហើយនឹងដី ។ បន្ថែមពីលើនេះ លោកក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានជួបនៅជំងឺរាតត្បាតកូវីដ-១៩ ដូចប្រទេសផ្សេងទៀត នៅលើពិភពលោក ប៉ុន្តែក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាអាចគ្រប់គ្រង បាននូវជំងឺកូវីដ-១៩នេះយ៉ាងល្អ ជាមួយនឹងការរក្សាបាន នូវសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ យ៉ាងល្អប្រសើរ។
លោកបន្តថា សម្រាប់រាជធានីភ្នំពេញ គឺការរៀបចំក្រុងបានល្អប្រសើរ ហើយទំនាក់ទំនង រវាងទីក្រុងភ្នំពេញ និងទីក្រុង រវាងប្រទេសនិងប្រទេស កម្ពុជា-វៀតណាម ឃើញថា មានសាមគ្គីភាព មានទំនាក់ទំនងកាន់តែល្អប្រសើរ រឹតមាំ និងខ្លាំងក្លា។
លោកបញ្ជាក់ថា លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែករកធ្វើយ៉ាងណា ឲ្យប្រទេសទាំងពីរកម្ពុជា និងវៀតណាម មានទំនាក់ទំនងមានសាមគ្គីភាពគ្នារឹងមាំ នៅពេលដែលលោក មកបំពេញបេសសកម្ម នៅព្រះរាជាណាចក្រកម្ពុជា ។
ឯកអគ្គរដ្ឋទូតវៀតណាម ក៏បានស្នើឱ្យរាជធានីភ្នំពេញ និងទីក្រុងហូជីមិញផ្លាស់ប្ដូរទស្សនកិច្ចគ្នា អោយបានច្រើន ដើម្បីផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក ពិសេសគឺការផ្សារភ្ជាប់ បណ្ដុះបណ្ដាលយុវជន នៃប្រទេសទាំងពីរឲ្យមានទំនាក់ទំនង មានកិច្ចសហប្រតិបត្តិការ ការងារជាមួយល្អនិងរឹងមាំ ។
ក្នុងឱកាសនោះ លោកឃួង ស្រេង បានលើកឡើងដែរថា ប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ បានធូរស្រាលដោយជំងឺកូវីដ-១៩ហើយយើងក៏បានបើកប្រទេស ឲ្យដំណើរការឡើងវិញ ធ្វើអោយយើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ក្នុងការរឹតចំណងសាមគ្គីភាព ឲ្យកាន់តែមានភាពរឹងមាំថែមទៀត។
លោកបញ្ជាក់ផងដែរថា នៅពេលដែលប្រទេសទាំង២មាន ទំនាក់ទំនងសហប្រតិបត្តិការល្អ ការរស់នៅជាមួយគ្នាដោយភាពស្មោះត្រង់ យោគយល់គ្នា នោះប្រទេសទាំងពីរ នឹងមានសាមគ្គីភាពគ្នា កាន់តែល្អនិងរឹងមាំយូរអង្វែង៕