ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញព្រមានថា សហរដ្ឋអាមេរិក នឹងមានសន្ទុះកើនឡើងខ្លាំង ពីការរាតត្បាតដោយវីរុស បំប្លែងខ្លួនប្រភេទថ្មី

ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃតទី២២ ខែមីនា ឆ្នាំ២០២២ថា អ្នកជំនាញ បានព្រមានថា សហរដ្ឋអាមេរិក អាចនឹងឃើញ ការកើនឡើង នៃករណីជំងឺកូវីដ-១៩មួយផ្សេងទៀត នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលប្រភេទរងថ្មី Omicron បន្តរីករាលដាល នៅទូទាំងប្រទេស ។

យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) បានឱ្យដឹងថា ការឆ្លងនៃវីរុសបំប្លែងខ្លួនថ្មី ដែលអាចឆ្លងបានខ្ពស់ ត្រូវបានគេស្គាល់ថា BA.2 បានកើនឡើងទ្វេដងរៀង រាល់សប្តាហ៍ ។

គិតត្រឹមសប្តាហ៍ ដែលបញ្ចប់ថ្ងៃទី១២ ខែមីនា BA.2 មានចំនួន២៣,១ភាគរយ នៃករណីកូវីដ-១៩ទាំងអស់នៅក្នុងប្រទេស បើធៀបនឹង1ភាគរយ នៃករណីថ្មីក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី5 ខែកុម្ភៈ និង៧,១ភាគរយ ក្នុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី២៦ ខែកុម្ភៈ។ ទិន្នន័យរបស់ CDC បានបង្ហាញឲ្យដឹងដូច្នេះ ។

ទោះបីជាវីរុសបំប្លែងខ្លួន Omicron ដើមនៅតែបង្កើតបានភាគច្រើន នៃការឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេសក៏ដោយ អត្រាចម្លងរបស់វាបានធ្លាក់ ចុះដល់៦៦,១ភាគរយនៅក្នុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១២ ខែមីនា។

លោក Anthony Fauci អ្នកជំនាញជំងឺឆ្លងកំពូល របស់ប្រទេសបានលើកថា គាត់រំពឹងថា នឹងមាន “ការកើនឡើងនៃករណី” ដោយសារតែ BA.2 ប៉ុន្តែមិនចាំបាច់មានការកើនឡើងខ្លាំង ដូចការប្រែប្រួលផ្សេងទៀត ដែលបង្កឡើងនោះទេ ។

លោក Fauci បានប្រាប់ដល់ ABC កាលពីថ្ងៃអាទិត្យថា ខ្សែចម្លងជំងឺថ្មីនេះ គឺប្រហែល៥០ទៅ៦ភា០គរយ ដែលអាចឆ្លងបានច្រើនជាងប្រភេទ Omicron ដំបូង ដោយបន្ថែមថា វាអាចចូលជាខ្សែចម្លងជំងឺ ដែលលេចធ្លោនៅសហរដ្ឋអាមេរិក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top