នយោបាយ

សម្ដេច ស ខេង ៖ បន្ទាប់ពីបោះឆ្នោតរួច ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបម្រើផលប្រយោជន៍រួម (Video)

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា  បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ២០២២នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានតួនាទី ជំរុញនិងគាំពារអភិបាល សម្រាប់បំពេញសេចក្តីត្រូវការ ជាមូលដ្ឋានក្នុងឃុំ-សង្កាត់របស់ខ្លួន បម្រើផលប្រយោជន៍រួម របស់ប្រជាជន។

នេះជាប្រសាសន៍របស់សម្តេច ក្នុងពិធីជួបសំណេះសំណាល ជាមួយគ្រូបង្រៀន គ្រូពេទ្យ និងសិល្បករ សិល្បការិនី នៅខេត្តបាត់ដំបង នាថ្ងៃ១៦ ឧសភា ។

សម្ដេច ស ខេង បានថ្លែងឲ្យដឹងទៀតថា កម្ពុជាឆ្លងកាត់ការលំបាក និងពុះពារឧបសគ្គច្រើនទំរាំទទួលបានសន្តិភាព ដូចសព្វថ្ងៃ។ ទាំងអស់គ្នាប្តេជ្ញារួមគ្នា ត្រូវយកជ័យជំនះឲ្យបានពីរក្នុងពេលតែមួយ ជ័យជំនះទី១ គឺជ័យជំនះ សម្រាប់គណបក្សប្រជាជនឈ្នះឆ្នោត , ជ័យជំនះទី២ គឺគណបក្សយើង រដ្ឋាភិបាលយើងជាអ្នកគ្រប់គ្រងប្រទេស អីចឹងការចាត់តាំង ការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា នោះក៏ជាជោគជ័យមួយទៀត របស់គណបក្សប្រជាជនផង ។ 

សម្ដេចបញ្ជាក់ថា រដ្ឋបាលគ្រប់ថ្នាក់ ក៏ដូចជាមន្ត្រីរាជការគ្រប់ផ្នែកគ្រប់ថ្នាក់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ពិសេសកម្លាំងប្រដាប់អាវុធ ប្រជាការពារ ខិតខំប្រឹងប្រែងដើម្បីការពារការិយាល័យបោះឆ្នោត ចាត់ចែងការបោះឆ្នោត ឲ្យបានល្អប្រសើរ ។ ជាមួយគ្នានេះ សម្តេច ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ត្រូវត្រៀមខ្លួន ដើម្បីចូលរួមគាំទ្រ និងទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕

To Top